Monday, November 28, 2022

សម្ដេច​ក្រឡាហោម ស ខេង ៖ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែឧសភា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្ដីពី​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌​។​

​អញ្ជើញ​មានប្រសាសន៍​បើក​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃនេះ គឺ​ឆ្លើយ​តាម​សំណើរ​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ការកកស្ទះ​សំណុំរឿង​។​

​សម្ដេច​ក្រឡាហោម​បាន​បន្តថា​ក្នុងស្ថានភាព​នៃ​ការប្រឈមមុខ​នឹង​វិបត្តិ​កូ​វីដ​-១៩ ថ្វី​ដ្បិតថា​មាន​បណ្ដា​ប្រទេស​មួយចំនួន​បានសម្រេច​ដោះលែង​អ្នកទោស​ខ្លះ ប៉ុន្តែ​នៅ​កម្ពុជា ស្ថានភាព​មិនទាន់​ឈានដល់​ដំណាក់កាល​នេះ​នៅឡើយ​ទេ​។​

​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​គឺជា​កិច្ច​សំខាន់បំផុត​មួយ​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ទន្ទឹមនឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បទល្មើស​គ្រឿងញៀន​បាន​ស្ថិតក្នុង​ភាគរយ​ខ្ពស់​ជាងគេ ធៀប​នឹង​បទល្មើស​ផ្សេងៗ​ដែល​បាន​បញ្ជូនមក​តុលាការ ខណៈ​បទល្មើស​នេះ​ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដែរ ៕

ដោយ​៖​កូ​ឡាប​