ភ្នំពេញ ៖មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ ដែលផ្ទុះអាវុធបង្ក្រាបសង្វៀនជល់មាន់ បណ្តាលឲ្យត្រូវចំបុរសម្នាក់ស្លាប់ ត្រូវបញ្ជូនទៅដល់តុលាការហើយ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ។ មន្ត្រីនគរបាលរូបនេះ ឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (ស័ក្តិ១) បម្រើផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ក្នុងពេលបញ្ជូនទៅតុលាការដើម្បីសួរនាំនោះ ចន វិរៈ មិនបានដាក់ខ្នោះដៃនោះទេ ពោលគឺដើរជាធម្មតា ហើយកំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ ដើម្បីចាត់ការបន្តទៀត។
កាលពីម្សិលមិញ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យចាប់ខ្លួន និងបញ្ជូនមន្ត្រីនគរបាលម្នាក់នេះ ដែលជាអ្នកបាញ់ពេលចុះបង្ក្រាបសង្វៀនជល់មាន់ នៅខណ្ឌពោធិ៍សែនជ័យ ហើយបណ្តាលឲ្យបុរសម្នាក់ស្លាប់ ទៅតុលាការនិងវត្ថុតាង នៅថ្ងៃទី២៣មករា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងដើម្បីស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ។
បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ តាមរយៈការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យរួចមក ក៏បានរកឃើញថា ក្បាលគ្រាប់នៅលើសពជនរងគ្រោះមានសភាពបែក និងកាពិត មានន័យថា ពេលបាញ់នោះគ្រាប់បានទៅបុកជញ្ជាំងថ្ម ហើយក៏ផ្លាតទៅចំជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង ខណៈជនរងគ្រោះកំពុងតែឈរកាន់បង្កាប់ដៃបន្ទប់ឈរពីលើមើល សមត្ថកិច្ចបង្ក្រាបល្បែងជល់មាន់។ មន្ត្រីនគរបាលដែលមានកំហុសដោយអចេតនារូបនេះ ជាមន្ត្រីនគរបាលផ្នែកសន្តិសុខ នៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីឡូតិ៍ ខាងក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ រហូតមានការផ្ទុះអាវុធ ដោយសារខ្លាចក្រុមចូលលេងល្បែងជល់មាន់តដៃ ហើយក៏រាលកៃ បណ្ដាលឱ្យត្រូវបុរសជាកម្មកររោងចក្រម្នាក់ ខណៈកំពុងអឺតមើលនៅលើផ្ទះជួលជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។លើជនរងគ្រោះឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ណុប ផានី អាយុ២៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ៕ ដោយ៖បញ្ញាស័ក្តិ