ភ្នំពេញ៖ ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីជូន ដំណឹង កាលពីថ្ងៃទី៨ឧសភា ២០២០ ចាត់វិធានផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះបុគ្គល ឬ ក្រុមជនទាំងឡាយណាដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ។
ក្នុងបរិការណ៍ ដែលប្រជាជាតិកម្ពុជាបាននិងកំពុងរកចិត្តទុកដាក់ចូលរួមថែរក្សាការពារនិងលើកកម្ពស់សុខដុមភាពនៃវិស័យសិល្បៈវប្បធម៌ ស្របទៅតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ យ៉ាងសស្រោសស្រាំ ដឹងប្រកបដោយសក្ដានុភាព ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងសង្កេតឃើញអ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ពិសេសអាជីវករតាមប្រព័ន្ធអនឡាញ អ្នកនិ ពន្ធបទភ្លេង ទំនុកច្រៀងនិងអ្នកសំដែងក្រៅប្រព័ន្ធ បានផ្សព្វផ្សាយរូបភាព សារជាអក្សរសំឡេង និងវីដេអូ ប្រកបដោយអសីល ញាណ ប្រាសចាកក្រមសីលធម៌បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណនិងកិត្យានុភាពជាតិ ជារឿយៗ។
អាស្រ័យហេតុនេះដើម្បីបញ្ចៀសបាននូវផលប៉ះពាល់និងដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរព្រមទាំងគុណតម្លៃក្នុងនាមជាពលរដ្ឋកម្ពុជា “ព្រះរាជាណាចក្រនៃវប្បធម៌” ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់នូវការផ្សព្វផ្សាយគ្រប់រូបភាព សារជាអក្សរសំឡេង និងវីដេអូ ដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាលអុជអាល បំបែកបំបាក់ប្រកាន់ពូជសាសន៍ពណ៌សម្បុរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជំនឿសាសនាសេចក្ដីថ្លៃថ្នូរនិងកិត្យានុភាពរបស់សង្គមចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅជាកំហិត។
ក្នុងករណីដែលបុគ្គលឬក្រុមណាមួយ នៅតែបន្តសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនិងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការដោយអនុលោមតាមក្រមសីលធម៌នៃអ្នកសិល្បៈនិងប្រកាសអន្តរក្រសួងលេខ១៧០ ប្រក.អន្តរក្រ.ចុះថ្ងៃទី 28 ខែឧសភាឆ្នាំ 2018 ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា និងដាក់បណ្ដឹងទៅតុលាការដោយអនុលោម ទៅតាមក្រមព្រហ្មទណ្ឌនិងច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អាស្រ័យទៅតាមស្ថានបទល្មើស ដែលអ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមបានប្រព្រឹត្ត៕
ដោយ៖កូឡាប