ប្រទេសចិន ៖ ថ្មីៗនេះ កាសែតចិនជាច្រើនបានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅ គូស្នេហ៍១គូនៅក្នុងទីក្រុងប៉េកាំង ខណៈកំពុងថតរូបអាពាហ៍ពិពាហ៍សុខៗ ស្រាប់តែខាងកូនកំលោះងាករត់ចេញពីក្រមុំភ្លាមៗ បន្ទាប់ពីគាត់បានឮសំឡេងស៊ីរ៉ែនឡានទឹករោទិ៍ ដែលជាហេតុធ្វើឲ្យកូនក្រមុំភ្ញាក់ផ្អើលស្រឡាំងកាំងជាខ្លាំង។
គេដឹងថា កូនកំលោះគឺជាអ្នកពន្លត់អគ្គិភ័យ។ ដោយសារតែភាពមោះមុតចំពោះអាជីពរបស់គាត់ ហេតុនេះបើទោះជាគាត់នៅជាប់រវល់ថតរូប ជាមួយមិត្តស្រីរបស់គាត់ក៏ដោយ ក៏គាត់នៅតែមិនភ្លេចភារកិច្ចរបស់គាត់នោះឡើយ។
ដូចដែលអ្នកអាចមើលឃើញពីវីដេអូច្បាស់ហើយ នៅពេលដែលគូស្នេហ៍កំពុងមានភាពសប្បាយរីករាយក្នុងការថតរូប កូនកំលោះបានងាកក្បាល ហើយរត់យ៉ាងលឿន បន្ទាប់ពីឮសំឡេងរោទិ៍អគ្គិភ័យ។
ប្រឈមមុខនឹងស្ថានភាពនេះ អ្នកថតរូបក៏មានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើងផងដែរ ដោយបានត្រឹមស្រឡាំងកាំងជាមួយកូនក្រមុំប៉ុណ្ណោះ។
កូនកំលោះដែលគ្រប់គ្នាកើតសរសើរថាមានភាពមុះមុត ចំពោះវិជ្ជាជីវៈនៃការងាររបស់គាត់នៅក្នុងឃ្លីបនេះ មានឈ្មោះថា Bui Thu Tai។
នៅពេលត្រូវបានគេសួរថា តើគូដណ្តឹងរបស់គាត់មានប្រតិកម្មអ្វីដែរទេ នៅពេលដែលគាត់បានចាកចេញពីនាងភ្លាមៗបែបនេះ, Bui បាននិយាយថា៖ “នៅពេលនោះខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះនាងទេ ខ្ញុំមិនអាចគិតអ្វីទាំងអស់។ ជាទំលាប់ ពេលលឺសំលេងរោទិ៍អគ្គីភ័យ គឺខ្ញុំរត់ចេញភ្លាមៗតែម្តង។ ប៉ុន្តែ រឿងនេះវាបានប្រែក្លាយជាទម្លាប់ កាលពីខ្ញុំអនុវត្តសមយុទ្ធពន្លត់ភ្លើង»។
Bui បន្តថា៖ «ពួកយើងស្រឡាញ់គ្នាអស់រយៈពេល ២ ឆ្នាំកន្លះ ហើយ ។ នៅពេលខ្ញុំជួបនាងដំបូង នាងមិនយល់ច្រើនពីការងាររបស់ខ្ញុំទេ។ ប៉ុន្តែ យូរៗទៅ នាងបានផ្លាស់ប្តូរបនិ្តចម្តងៗ និងយល់ពីអ្វីដែលខ្ញុំកំពុងធ្វើ» ។
បន្ទាប់ពីរឿងនេះត្រូវបានចែកចាយលើបណ្តាញសង្គម វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ។
មនុស្សជាច្រើនបានបញ្ចេញមតិថា “កូនកំលោះមានជំនាញខ្ពស់ និងមានភាពមោះមុតខ្លាំងចំពោះការងាររបស់គាត់”, “អ្នកទាំងពីរពិតជាស្រស់ស្អាតណាស់ បើកូនក្រមុំយល់ពីចិត្តកូនកំលោះ សូមជូនពរឲ្យពួកគេមានសុភមង្គលរហូត”៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ soha.vn)