បន្ទាយមានជ័យ ៖ យុវជនម្នាក់បានល្បួងកុមារីអនីតិជនយកទៅរំលោភបានសម្រេច ហើយមិនទទួលខុសត្រូវនោះបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនកាលពីម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្រោយពីបានរំលោភសេពសន្ថវ: ហើយគេចខ្លួនបាត់។
លុះដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ អ្នកស្រី អី ចន្ថា អាយុ៤៦ឆ្នាំជាម្តាយរបស់ជនរងគ្រោះរស់នៅភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានដាក់ពាក្យប្តឹងជនសង្ស័យមានឈ្មោះ សង់ វ៉ាន់នី ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្តឹងពីបទជាប់ចោទល្បួងកូនស្រីរបស់ភាត់មានឈ្មោះ ព្រេម លាភភា ភេទ ស្រី អាយុ១៤ឆ្នាំ យកទៅរំលោភសេពសន្ថវៈបានសម្រេច។
លោកវរៈសេនីយ៍ យ៉ាន សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា កម្លាំងអាវុធហត្ថចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនយុវជននោះបានភ្លាមៗយកទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា៖ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះមែនហើយក៏រត់គេចខ្លួន។ ក្រោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនសំណុំរឿងបញ្ជូនមក តុលាការបានចេញដីការឃុំខ្លួន៕ ដោយ ៖ បន្ទាយ