ភ្នំពេញ៖ “សូមកុំទាន់មើលស្រាលស្ថានការណ៍ កូវីដ១៩” នេះជាសារក្នុងវីដេអូមួយ ដែលផលិតឡើងដោយយុវតីមួយក្រុម ក្នុងការដាស់តឿនដល់ពលរដ្ឋកម្ពុជា ឲ្យមានប្រុងប្រយត្នបន្តទៀត បើទោះបីជានៅប្រទេសកម្ពុជាយើង ជំងឺដ៏កាចសាហាវនេះ បានបន្តធ្លាក់ចុះ ឬក៏នៅទ្រឹងក៏ដោយចុះ។ សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីអ្នកនិងគ្រួសារអ្នក ក៏ដូចជាជនជាតិកម្ពុជា ទូទាំងប្រទេសផងដែរ។
ក្នុងវីដេអូនេះ បានរំលេចឡើងពីការមិនប្រុងប្រយ័ត្ន ធ្វេសប្រហែសរបស់យុវតីមួយក្រុម នៅពេលដែលឮក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ជំងឺកូវីដ១៩ បានធ្លាក់ចុះ មិនមានអ្នកឆ្លងថ្មី ចំណែកឯអ្នកដែលកំពុងផ្ទុកជំងឺនេះ ក៏ត្រូវបានព្យាបាលជាសះស្បើយជិតអស់នោះ ធ្វើឲ្យពួកគេមានការភ័យព្រួយ ហើយក៏នាំគ្នាដើរលេងជាក្រុមយ៉ាងសប្បាយ ដោយមិនពាក់ម៉ាស និងមិនលាងដៃដែរ។
វីដេអូ អប់រំមួយនេះ បានពញ្ញាក់អារម្មណ៍របស់យុវជនឲ្យការប្រុងប្រយ័ត្ន ខ្ពស់ កុំអាលភ្លេចខ្លួន ព្រោះថា កូវីដ១៩កំពុងរីករាលពេញពិភពលោកនៅឡើយ។ “យើងអាចភ្លេចកូវីដ តែកូវីដ មិនភ្លេចយើងទេ ការពារខ្លួនអ្នក និងអ្នកដទៃពីជំងឺកូវីដ សូមរក្សាការប្រុងប្រយ័ត្នជានិច្ច កុំធ្វេសប្រហែសឲ្យសោះ ត្រូវពាក់ម៉ាស និងលាងដៃជាមួយអាល់កុល សាប៊ូជាប្រចាំ”។
ជាមួយនឹងជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាល ក៏ដូចជានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសារ ក៏ដូចជាវីដេអូជាច្រើន ក្នុងន័យអប់រំ ដល់ពលរដ្ឋ ឲ្យចេះការពារខ្លួន កុំឆ្លងជំងឺដ៏កាចសាហាវនេះ ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហើរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្ត្ររកឃើញថា ចម្ងាយខ្ទាតចេញពីមុខមនុស្សយើងចម្ងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី១ម៉ែត្រ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជាលើតុ លើជញ្ជាំង លើបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រឡាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្ត្ររកឃើញថា ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាសទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។
ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងកូវីដ១៩ក្នុងពេលធ្វើដំណើរតាមរថយន្តក្រុងនិងរថយន្តដឹកជញ្ជូនអ្នកដំណើរផ្សេងៗទៀត សូមអនុវត្តន៍សារអប់រំដូចខាងក្រោមនេះ :
១. ទាំងអ្នកបើកបរ ទាំងអ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាសការពារ
២. ត្រូវអង្គុយកៅអីឃ្លាតឆ្ងាយពីគ្នា
៣. ត្រូវបើកបង្អួច និងបើកវាំងននរថយន្តទាំងអស់ ដើម្បីឱ្យមានខ្យល់ចេញចូល និងមានពន្លឺថ្ងៃចាំងចូលក្នុងរថយន្ត
៤. ទាំងអ្នកបើកបរ និងអ្នកដំណើរ ត្រូវមាន អាល់កុល ជែល ក្នុងរថយន្តនិងយកតាមខ្លួន ហើយឧស្សាហ៍លាងដៃឱ្យបានញឹកញាប់
ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ចំណែកសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញសារប្រាប់ដល់ជនរួមជាតិថា ឆ្លៀតពេលនេះ ខ្ញុំសូមដាស់តឿននិងក្រើនរំលឹកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩។ ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយ នៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជា ឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់។
មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។
ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី
សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។
សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។
ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី ហើយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយប្រើម៉ាស ទឹកអាល់កុល និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗឲ្យបានជាប្រចាំ។
ស្របពេលនឹងការបង្កើនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរាល់ថ្ងៃ គឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ១៩ ទៅទៀត៕កូឡាប