មន្ត្រីជាន់ខ្ពស់របស់ចិនម្នាក់បានទទួលស្គាល់ពីភាពទន់ខ្សោយរបស់ប្រព័ន្ធសុខាភិបាល ដោយបានលើកឡើងថា ការរាតត្បាតវីរុសកូរ៉ូណាគឺជាការសាកល្បងដ៏ធំ ដែលបង្ហាញពីភាពទន់ខ្សោយក្នុងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ចិន។
ការទទួលស្គាល់ដ៏កម្រកើតមានរបស់ លោក Li Bin នាយកគណៈកម្មការសុខាភិបាលជាតិចិន កើតឡើងក្រោយពេលមានការរិះគន់បន្តបន្ទាប់ពីបរទេស ចំពោះការឆ្លើយតបរបស់ចិនលើការផ្ទុះវីរុស។
លោកថ្លែងថា ប្រទេសចិននឹងត្រូវធ្វើការបង្កើនប្រព័ន្ធការពារជំងឺ ប្រព័ន្ធសុខាភិបាលសាធារណៈ និងការប្រមូលទិន្នន័យឥឡូវនេះ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា ការរាតត្បាតគឺជាបញ្ហាដ៏សំខាន់មួយសម្រាប់ការគ្រប់គ្រងរបស់ចិន ហើយវាបានបង្ហាញពីភាពទន់ខ្សោយ ទាក់ទងទៅនឹងការដោះស្រាយ ការរីករាលដាលធំៗ និងប្រព័ន្ធសុខាភិបាល។
សូមបញ្ជាក់ថា ប្រទេសចិនបានរងការចោទប្រកាន់យ៉ាងខ្លាំង ពីប្រទេសជាច្រើន ចំពោះវិធានការឆ្លើយតបដ៏យឺតរបស់ខ្លួន ចំពោះការផ្ទុះវីរុសកូរ៉ូណាក្នុងទីក្រុងវូហាន និងមិនបានធ្វើការប្រកាសឲ្យបានលឿនដល់សហគមន៍អន្តរជាតិពីការផ្ទុះ។
ចិនក៏បានបដិសេធការស្នើស៊ើបអង្កេតឯករាជ្យអន្តរជាតិ ដើម្បីរកប្រភពនៃវីរុសកូរ៉ូណាផងដែរ។
កាលពីខែមេសា របាយការណ៍របស់សហភាពអ៊ឺរ៉ុប បានចោទប្រកាន់ចិនថាបានផ្សព្វផ្សាយពត៌មានមិនពិតពីវិបត្តិកូរ៉ូណា។
វេជ្ជបណ្ឌិតម្នាក់ ដែលព្យាយាមព្រមានអាជ្ញាធរពីការផ្ទុះវីរុសកាលពីខែធ្នូ ត្រូវបានអាជ្ញាធរប្រាប់ឲ្យបញ្ឍប់ការបញ្ចេញមតិដែលពួកគេយល់ការជាព័ត៌មានមិនត្រឹមត្រូវ។ ក្រោយមក វេជ្ជបណ្ឌិតរូបនោះ ដែលមានឈ្មោះថា Li Wenliang បានក្នុងមន្ទីរពេទ្យ ដោយសារវីរុសកូរ៉ូណា។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា ឬ COVID-19 បានផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ ចិនមានឆ្លងសរុប ៨២.៩១៨នាក់ និងស្លាប់ ៤.៦៣៣នាក់។ អ្នកជាសះស្បើយមាន ៧៨.១៤៤នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC