មន្ត្រីយោធាជាន់ខ្ពស់អាមេរិចឧត្តមសេនីយ៍ Joseph Dunford បានថ្លែងប្រាប់សភានៅថ្ងៃអង្គារនេះថា ប្រទេសចិន ទំនងនឹងក្លាយជាប្រទេសដែលផ្តល់ការគំរាមកំហែងខ្លាំងក្លាបំផុតដល់អាមេរិច ក្នុងរយៈពេលមួយទសវត្សខាងមុខទៀត។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានអាមេរិច CNN។
លោកថ្លែងថា “ខ្ញុំគិតថា ប្រទេសចិនប្រហែលនឹងផ្តល់ការគំរាមកំហែងដ៍ខ្លាំងបំផុតដល់ប្រជាជាតិរបស់ពួកយើងនៅក្នុងឆ្នាំប្រហែល ២០២៥ខាងមុខ”។
កាលពីឆ្នាំ ២០១៥ លោក Joseph Dunford ធ្លាប់បានថ្លែងនៅក្នុងសភាថា រុស្សី នឹងក្លាយជាការគំរាមកំហែងខ្លាំងបំផុតដល់អាមេរិច ហើយបន្ទាប់មកគឺចិន និងកូរ៉េខាងជើង។ ប៉ុន្តែពេលនេះ លោកបានផ្លាស់ប្តូរវាតាមការមើលឃើញរបស់គាត់ ដោយនិយាយថា ចិនឯនេះវិញទេ ដែលនឹងគំរាមកំហែងអាមេរិចខ្លាំងបំផុតនាពេលខាងមុខ។
ប៉ុន្តែនៅថ្ងៃអង្គារនេះដដែល លោកឆ្លៀតឱកាសនេះក្នុងការកែប្រែការមើលឃើញរបស់គាត់ ដោយនិយាយថា បច្ចុប្បន្ននេះកូរ៉េខាងជើង ផ្តល់ការគំរាមកំហែងខ្លាំងបំផុតដល់អាមេរិច ដោយសារការវិនិច្ឆ័យបន្ទាន់ទាក់ទងនឹងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
លោកក៍បានលើកឡើងផងដែរថា ប្រទេសរុស្សីនៅតែជាការកំំរាមកំហែងខ្លាំង ដោយសារតែសមត្ថភាពយោក្នុងវិស័យនុយក្លេអ៊ែរ និងសង្គ្រាមអេឡិចត្រូនិច ព្រមទាំងសកម្មភាពយោធារបស់រុស្សីនៅតំបន់ជាច្រើនដូចជាតំបន់គ្រីមៀ ដែលរុស្សីឈ្លានពានកាលពីឆ្នាំ ២០១៤៕ សុភ័ក្ត្រ