Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ ប្តេជ្ញា​បន្ត​ពង្រឹង​ចង្វាក់​តម្លៃ​អង្ករ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ ​

ភ្នំពេញ​៖”​ខ្ញុំ​នឹង​ខិតខំ​សហការ​ជាមួយ​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្វើ​កិច្ចការ​ចំពោះមុខ​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​អង្ករ​របស់​កម្ពុជា រួម​មាន​ការពង្រឹង​បច្ចេកទេស​ផលិត និង​កែច្នៃ​អង្ករ​របស់​កម្ពុជា ការកាត់បន្ថយ​តម្លៃ​នាំចេញ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ការពង្រីក​ទីផ្សារ​ឲ្យបាន​ជា​អតិបរិមា ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​អង្ករ​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​”​។​

​នេះ​គឺជា​ការអះអាង​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​មហាសន្និបាត​ប្រចាំឆ្នាំ​២០១៧ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ​ភូគី​ត្រា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​ការចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល សមាជិក​សហព័ន្ធ និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​អំពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​អង្ករ តាមរយៈ​គម្រោង​ពិពិធ​កម្ម និង​ពង្រីក​ការនាំចេញ​របស់​កម្ពុជា ដំណាក់កាល​ទី​១ នៃ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ខ​សមាហរណកម្ម (EIF) រាប់​ចាប់ពី​ការប្រើប្រាស់​គ្រាប់ពូជ​ដែល​មាន​គុណភាព ទៅ​ជា​ការផលិត និង​កែច្នៃ​អង្ករ ដើម្បី​ផ្គត់ផ្តង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ដោយ​ជោគជ័យ​ជាង ៤៤​ពាន់​តោន កាលពី​ឆ្នាំ​២០១៣ ព្រមទាំង​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា ឈ្នះ​ពានរង្វាន់​អង្ករ​គុណភាព​លំដាប់​ពិភពលោក ចំនួន ៣​ឆ្នាំ​ជាប់​គ្នា​។

​លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏​បាន​បន្ត​ជម្រាបជូន​អំពី​ការចូលរួម​ចំណែក​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការកាត់បន្ថយ​ថ្លៃ​ដើម​ផលិត កែច្នៃ និង​នាំចេញ​អង្ករ តាមរយៈ​ការលុបចោល​កម្រៃ​សេវា​នានា ការដាក់​ឲ្យ​អនុវត្តន៍​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ និង​ការសម្រួល​ការចុះបញ្ជី​ម៉ាក​វិញ្ញាតកម្ម​ទំនិញ​អង្ករ​ឈ្មោះ “​ម្លិះ​អង្គរ​” ជាដើម​។ បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​សហព័ន្ធ​ស្រូវ​អង្ករ ចូលរួម​ឲ្យបាន​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ម៉ាក​អង្ករ​កម្ពុជា និង​ការជំរុញ​ការនាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ទាំង​បច្ចុប្បន្ន និង​អនាគត​។​

​គួរ​រំលឹក​ដែរ​ថា ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​ចំនួន ៥​ប្រភេទ រួម​ទាំង​ស្រូវ​អង្ករ ក្រសួង​ពាណិជ្ជកម្ម បាន​ដាក់ឲ្យអនុវត្តន៍​គម្រោង “​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​” ហៅថា AIMS កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ សំដៅ​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ដាំ​ដុះ​របស់​ប្រជាកសិករ ក្នុង​ការផលិត​ស្រូវ​ឲ្យមាន​គុណភាព និង​ទិន្នផល​ខ្ពស់ និង​ត​ភ្ជាប់​សមាគម​កសិករ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ ក៏​ដូចជា​ទី​ផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​មិនតែប៉ុណ្ណោះ ចាប់តាំងពី​ការអនុវត្ត​គោលនយោបាយ ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ នៅក្នុង​ឆ្នាំ​២០១០ បាន​ធ្វើឲ្យ​បរិមាណ​នាំចេញ​អង្ករ​កម្ពុជា កើនឡើង​រៀងរាល់ឆ្នាំ​។ នៅក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ជាង ៦៣​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ ៦០​ជុំវិញ​ពិភពលោក ពោល​គឺ​បាន​កើន​ឡើង​ជាង ១៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ដែល​មាន​ត្រឹមតែ ៥៤​ម៉ឺន​តោន និង​ប្រហែល​ជាង ៦០% បើ​ធៀប​នឹង​ឆ្នាំ ២០១០ ដែល​មាន​ត្រឹមតែ ១០​ម៉ឺន​តោន ប៉ុណ្ណោះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×