Saturday, January 29, 2022

សម្តេច​ក្រឡាហោម​៖​ការរំលាយ​បក្សប្រឆាំង មិនមែន​យើង​ខ្លាច​ទេ ហើយក៏​មិន​មែន​យើង ចង់​កាន់​អំណាច​តែ​ម្នាក់ឯង​នោះដែរ​

​ខេត្ត​បាត់ដំបង​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែងថា ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា​កន្លងទៅ​នេះ មិនមែន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​គណបក្ស​ប្រឆាំង​មួយ​នេះឡើយ ហើយក៏​មិន​មែន គណបក្ស​ប្រជាជន​កម្ពុជា ចង់​កាន់​អំណាច​តែ​ម្នាក់ឯង​ដេរ​គឺ​យើង​ការពារ​កុំ​ឱ្យ​ព្រឹត្តិការណ៍​កម្ពុជា វិល​ទៅ​រក​ឆ្នាំ​៧០​ឡើងវិញ​។​

​សម្តេច​ស ខេង បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ “​វា​មិន​មាន​ទី​១ ដែល​ថា​រំលាយ​បក្ស​ដ៏​ធំ​មួយ ដែល​មាន​សំឡេង​គាំទ្រ​ច្រើន ហើយ​មិន​មាន​ទី​២ ត្រង់​ថា រំលាយ​បក្ស​ដ៏​ធំ​បែបនេះ ប៉ុន្តែ​យើង​គ្រប់គ្រង សភាពការណ៍​បាន​ល្អ អត់​មាន​ភាព​រំជើបរំជួល​បះបោរ កន្លែង​នេះ​ឬ​កន្លែង​នោះ ទាមទារ​តុលាការ រារាំង​ការរំលាយ​នេះ​ទេ​”​។​

​សម្តេច​ក្រឡាហោម ប​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​រដ្ឋបាល​ខេត្ត​បាត​ដំបង​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨​នេះ ថា​៖ “​សូម​យល់​ទាំងអស់គ្នា ហើយ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​គ្រប់គ្នា មិនមែន​យើង​ខ្លាច CNRP ទេ ហើយ​មិនមែន​យើង​ចង់​កាន់អំណាច​តែម្នាក់ឯង​ទេ គឺ​យើង​ការពារ​កុំឱ្យ​ព្រឹត្តិការណ៍​កម្ពុជា វិល​ទៅ​រក​ឆ្នាំ​៧០​ឡើងវិញ​”​។​

​សម្តេច ស ខេង បាន​បញ្ជាក់ទៀតថា ការណ៍​ដែល​តុលាការ​កំពូល​កម្ពុជា កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ហេតុផល​២​យ៉ាង​ធំៗ នោះ​គឺ ការឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ និង​មួយទៀត គឺ​គណបក្ស​នេះ​ទទួលយក​គោលនយោបាយ​របស់​បរ​ទេស មក​គ្រប់គ្រង​ប្រទេស​កម្ពុជា បើសិន​ជា​គ្រប់គ្រង​បែបនេះ គឺ​ប្រទេស​កម្ពុជា​នឹង​លែង​ឯករាជ្យ​ហើយ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងបន្តថា សកម្មភាព​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មិនមែន​ជា​សកម្មភាព​ដើម្បី​ប្រជាធិបតេយ្យ​ទេ ហើយ​ថា​បើសិនជា គណបក្ស​នេះ​មិន​ត្រូវបាន​រំលាយ​ទេ កម្ពុជា​នឹង​ជួប​គ្រោះ​ធំ​នៅ​ឆ្នាំ​២០១៨ ដូច​ដែល​គណបក្ស​នេះ បានធ្វើ​សកម្មភាព​ផ្តួល​មិន​សម្រេច​កាលពី​ឆ្នាំ​២០១៣ នៅពេល​ដែល​គណបក្ស​នេះ​បាន​ចាញ់ឆ្នោត ក្រោយ​ខែកក្កដា​។​

​សម្តេច​ថ្លែងថា​៖​បោះឆ្នោត​ឆ្នាំ​២០១៣ គឺជា​ការបោះឆ្នោត​ប្រកប​ដោយ​លក្ខណៈ​ល្អ​ឥតខ្ចោះ ប៉ុន្តែ​យ៉ាងម៉េច បានជា​គណបក្ស​នេះ​មិន​ទទួលយក​លទ្ធផល នៃ​ការបោះឆ្នោត ហើយ​ធ្វើ​សកម្មភាព​បង្ក​អុកឡុក ប៉ុន្តែ​ដោយសារ​យើង​ជា​អ្នក​ចាស់ទុំ​នយោបាយ យើង​ចង់​បង្រួបបង្រួម​ជាតិ យើង​ក៏​បោះដៃ​ហៅ​មក ដើម្បី​ឱ្យ​ចូល​ក្នុង​សភា​ធ្វើការ​ជាមួយគ្នា​ទៅ តែ​មិន​ព្រម​ឈប់​បន្ត​ធ្វើ​សកម្មភាព ហើយ​នឹង​គ្រោង​បន្ត​ធ្វើ​បដិវត្តន៍​ពណ៌ នៅ​ឆ្នាំ​២០១៨​ទៀត បើសិនជា គេ​ចាញ់ឆ្នោត​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ចាត់ទុកថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ច្បាប់ កាលពី​ចុងឆ្នាំ​មុន​នោះ គឺជា​ជោគជ័យ​ដ៏​ធំ​មួយទៀត​របស់​កម្ពុជា ដែល​ទប់ស្កាត់​ការផ្តួលរំលំ​មួយ​ដោយ មិន​ការ​បង្ហូរឈាម​ដូច​កាលពី​ទស្សវត្ស​ឆ្នាំ​៧០ ហើយក៏​ជា​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​