Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដាក់​ទិសដៅ​ការងារ ១០​ចំណុច​សម្រាប់​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៨ ចំនួន​១០​ចំណុច ពោល​គឺ ចូលរួម​ធ្វើការ​ការពារ​សន្តិសុខ​រក្សា​សណ្តាបធ្នាប់​សាធារណៈ ការពារ​ដំណើរការ​បោះឆ្នោត ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បន្ត​សហ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទបញ្ជា ជាដើម​។​

​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការងារ​កងរាជអាវុធហត្ថ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឡើង​ធ្វើ​សេចក្តី​រាយ​កាណ៍​ដោយ​សង្ខេប អំពី​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ និង​សភាពការណ៍​ជាតិ អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ កងរាជអាវុធហត្ថ​ទាំងមូល​មាន​ភាព​សកម្ម​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន រួមចំណែក​រក្សា​ការពារ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​បានល្អ ជាពិសេស​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ អង្គរ​សង្ក្រាន ព្រះរាជ​ពិធី​បុណ្យ​អុំទូក បុណ្យ​ឯករាជ្យ​ជាតិ កំណើត​កងយោធពល​ខេមរភូមិន្ទ គឺ​ស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល រក្សា​ឱ្យបាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍន៍​។ មេបញ្ជាការ​គ្រប់​ថ្នាក់​បាន​យកចិត្តទុកដាក់​ដឹកនាំ​បញ្ជា​ជំនាញ​ក្នុង​ការស្រាវជ្រាវ​បង្ក្រាប​បទល្មើស ដែល​កើតឡើង​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​បានធ្វើការ​កំណែទម្រង់​លើ​រចនា​សម្ពន្ធ​ចាត់តាំង ជំរុញ​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​នាយទាហាន​នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ការកសាង​ហេ​ដ្ឋា​ន​រចនា​សម្ពន្ធ សាងសង់​អគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​។

​បន្ទាប់មកទៀត​លោកនាយ​ឧត្តមសេនីយ៍ ក៏​បាន​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​ចំនួន​១០​ចំណុច​ដូចខាងក្រោមៈ ១.​បន្ត​ចូលរួម​ធ្វើការ​ការពារ​សន្តិសុខ​រក្សា​សណ្តាបធ្នាប់​សាធារណៈ​ជូន​ដល់​គណៈប្រតិភូ​ជាតិ​អន្តរជាតិ​កិច្ចប្រជុំ​ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា​របស់​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​ពិធីបុណ្យ​ផ្សេងៗ ជា​ពិសេស​ការពារ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​ដំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ២.​បន្ត​ធ្វើ​ការស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បន្ត​សហ​ការពង្រឹង​ការអនុវត្ត​ច្បាប់​និង​បទបញ្ជា​។ ៣.​បន្ត​ធ្វើ​ការអប់រំ​ចិត្តសាស្ត្រ​ដល់​នាយទាហាន​នាយទាហានរង​គ្រប់​លំដាប់ថ្នាក់​។ ៤.​បន្ត​ធ្វើការ​ហ្វឹកហ្វឺន​បណ្តុះបណ្តា​លនាយ​.​នាយរង​អាវុធហត្ថ​គ្រប់​រូប​ឱ្យ​ស្គាល់​និង​ចេះ​ប្រើប្រាស់​ស្ទាត់ជំនាញ​នូវ​ឧបករណ៍​សម្ភារៈ​មធ្យោបាយ​គ្រប់​ប្រភេទ​។ ៥.​បន្ត​ធ្វើ​ការសិក្សា​រៀបចំ​កែសម្រួល​រចនា​សម្ព​ន​ចាត់តាំង​និង​បុគ្គលិក​ដើម្បី​តម្រង់​ទិស​ឱ្យ​ចំ​ជំនាញ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។ ៦.​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ដោះស្រាយ​ទុក្ខលំបាក ពលី​មរណៈ​ជូន​នាយ នាយរង​អាវុធហត្ថ​។ ៧.​បន្ត​សាងសង់​សំណង់​ថ្មី​រឹងមាំ និង​ថែទាំ​ជួសជុល​សំណង់​អគារ​ដែល​មាន​ស្រាប់​។ ៨.​បន្ត​យកចិត្តទុកដាក់​ថែទាំ​ជួសជុល​មធ្យោបាយ​ឧបករណ៍​សម្ភារៈ​ដែល​កំពុង​ប្រើប្រាស់​ដោយ​ស្មារតី​សន្សំ​សំចៃ​។ ៩.​បន្ត​យកចិត្តទុកដាក់​លើកកម្ពស់​ជីវភាព​រស់នៅ​ការហូបចុក​អនាម័យ​ស្លៀកពាក់ និង​ថែទាំ​សុខភាព​។ និង​១០.​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណៈជន​នូវ​សកម្មភាព​សមិទ្ធផល និង​ស្នាដៃ​របស់​កងរាជអាវុធហត្ថ​ដែល​សម្រេច​បាន​កន្លងមក​។

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួចមក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​មានប្រសាសន៍ថា​៖ តួនាទី​កងរាជអាវុធហត្ថ​គឺ​បាន​ចូល​រូ​ម​ចំណែក​យ៉ាង​សំខាន់ ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​ការពារ​សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​តួនាទី​ភារកិច្ច​ជា​នគរបាល​រដ្ឋបាល នគ​បាល​យុត្តិធម៌ តម្រូត​យោធា និង​ការជួយ​ផ្ដល់​កម្លាំង​ដល់​អន្តរក្រសួង​តាម​ការស្នើរ​សុំ ហើយ​បាន​អនុវត្ត​ល្អប្រសើរ​នូវ​បេសកកម្ម​ទាំង​៣​របស់​ខ្លួនគឺៈ បង្ការ បង្ក្រាប និង​សង្ក្រោះ លទ្ធផល​ដែល​បាន​នេះ​គឺជា​ការ​រូ​ម​ចំណែក​យ៉ាង​សំខាន់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​មេ​បញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​គ្រប់​លំដាប់ថ្នាក់ ដោយ​គោរព​បទបញ្ជា​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោរព​សិទ្ធិមនុស្ស ដែល​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​ពិសេស​ប្រជាពលរដ្ឋ មាន​ការគាំទ្រ​ជឿជាក់​លើ​បេសកកម្ម និង​ប្រតិបត្តិការ​របស់​កងរាជអាវុធហត្ថ​។ ជាមួយ​នោះ​ផងដែរ‌ សម្តេច​ពិជ័យ​សេនា ក៏​បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​កងរាជអាវុធហត្ថ នៅក្រោម​ឱវាទ​និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត នៅ​បទបញ្ជា​មេបញ្ជាកា រ​និង​បទបញ្ជា​តាម​ឋានានុក្រម​ក្នុង​កងយោធពល​ខេមរភូមិន្ទ ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់ ហើយ​ត្រូវតែ​ខិតខំ​ការពារ​សន្តិភាព ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​ដាច់ខាត​មិន​ឱ្យ​បដិវត្ត​ពណ៌ បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​បាន​ឡើយ ទោះបី​នៅ​ក្នុង​តម្លៃ​ណាក៏ដោយ ត្រូវតែ​ការពារ ជាពិសេស​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ស្របច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×