ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ៖”ទង្វើអ្វីក៏ដោយឲ្យតែខុសច្បាប់ ត្រូវតែបង្ក្រាបទាំងអស់ កុំរង់ចាំបញ្ជារបស់មេបញ្ជាការ ព្រោះដើម្បីអនុវត្តច្បាប់ និងការពារច្បាប់”។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងសន្និបាតការងារប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨បានបញ្ជាក់ទៀតថា ប្រសិនទង្វើនោះជាអំពើខុសច្បាប់ហើយ ទោះត្រូវការប្រើកម្លាំងប៉ុន្មានក៏បាន ឬមធ្យោបាយអ្វីក៏បានដែរ មិនថា តែចង់ប្រើយន្ដហោះ ប្រើកាំភ្លើងធំប្រើអ្វីបានទាំងអស់។
“បញ្ហាទាំងអស់នេះមិនចាំពឹង ឬបទបញ្ជាម្ដងគឺយើងស្ទុះម្ដង ឬក៏កុំចាំតែបញ្ជាការថ្នាក់លើ ឬក៏បញ្ជាការនៅលើផ្ទៃប្រទេស ថាបញ្ជាទើបយើងស្ទុះនោះទេ ព្រោះបណ្ដាញរបស់យើងរៀបចំនៅគ្រប់ទីកន្លែងទាំងអស់ ដូច្នេះអ្វីដែលខុសច្បាប់គឺត្រូវតែធ្វើ ទោះអ្នកប្រព្រឹត្តិនោះថា មិនខុស តែយើងសិក្សាហើយថា ខុសគឺយើងត្រូវតែបំពេញភារកិច្ចការពារច្បាប់ អនុវត្តច្បាប់ ឲ្យតែបង្ក្រាបអំពើខុសច្បាប់ ទោះត្រូវកម្លាំងប៉ុន្មានក៏មានដែរ ប្រើកប៉ាល់ហោះ ប្រើកាំភ្លើងធំ ប្រើអីបានទាំងអស់”។ សម្ដេចពិជ័យសេនា បានថ្លែងបញ្ជាក់បែបនេះ។
សម្ដេច ទៀ បាញ់ បានលើកឡើងទៀតថា កងយោធពលខេមរភូមិន្ទ ត្រូវតឬប្ដេជ្ញាការពារយ៉ាងដាច់ខាត នូវសន្ដិភាព បូរណភាទឹកដី ការពារសន្ដិសុខសណ្ដាប់ និងទប់ស្កាត់ឧបាយលកបដិវត្តពណ៌ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជ្រំជ្រែងដោយប្រទេសមហាអំណាច ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប។
ចំណែកលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថបានត្រៀមលក្ខណៈជានិច្ច នូវការបង្ក្រាបរាល់បទល្មើសទាំងអស់ដែលខុសច្បាប់ ដើម្បីរក្សាសន្ដិភាព សន្ដិសុខសណ្ដាប់នៅក្នុងប្រទេសកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ