Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​ប្រជុំ​កំពូល​ពិសេស រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​ឥណ្ឌា

​ភ្នំពេញ​៖​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​ថា “​ជម្រាប​សួរ​ជនរួមជាតិ​ទូទាំង​ប្រទេស នៅពេលនេះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​ប្រជុំ​កំពូល​ពិសេស រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​ឥណ្ឌា និង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី ២៤-២៨ មករា ២០១៨​។ ខ្ញុំ​ពិតជា​សប្បាយរីករាយ នៅពេល​ដែល​បាន​ឃើញ​បងប្អូន​ជនរួមជាតិ បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ជាមួយ​ខ្ញុំ ទាំង​ក្នុង​ការថែរក្សា​សន្តិភាព និង​ក្នុង​ការចូលរួម​បង្កើន​មុខរបរ​ចិញ្ចឹមជីវិត​ឲ្យមាន​ជី​វ​ភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង​”​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ព្រមទាំង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា និង​ពិធី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី​៦៩ នៅ​ទីក្រុង​ញូវដែល្លី​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេស​បានឲ្យដឹងថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេជោ និង​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នាពេលនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក​ណារិ​នដ្រា ម៉ូ​ឌី (Narendra Modi) នាយករដ្ឋមន្ដ្រី​ឥណ្ឌា​។ ទាំង​ការបំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​ផង​នោះ សម្តេច​តេជោ ហ៊ុន សែន នឹង​ត្រូវ​ស្នាក់នៅ​ប្រទេស​ឥណ្ឌា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មករា​។​
​ក្រៅពី​ការអញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក និង​ពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុក​នាយករដ្ឋមន្ដ្រី​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​។​

​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​វិញ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​លោក ស្រ៊ី រ៉ា​ម ណាត កូ​វិនដ៏ (Shri Ram Nath Kovind) ប្រធានាធិបតី​ឥណ្ឌា និង​លោក ស្រ៊ី ម​. វ៉េ​ន​កៃ​អាហ៍ ណៃ​ឌូ (Shri M. Vekaiah Naidu) អនុ​ប្រធានាធិបតី​ឥណ្ឌា ក៏ដូចជា​នឹង​ទទួល​ជួប​សម្តែង​ការគួរសម​ដោយ​លោកស្រី ស៊ូ​ស​ម៉ា ស្វា​រ៉ា​ជ (Sushma Swaraj) រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​។ សម្តេច​តេជោ​ក៏​នឹង​អញ្ជើញ​ដាក់កម្រង​ផ្កា​នៅ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ លោក មហា​ត្មៈ គន្ធី ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ណារិ​នដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​។ បន្ទាប់​មក​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​ហើយ​នឹង​បន្ត​ដោយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។ ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​ឥណ្ឌា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា គន្លឹះ​នៅ​ឯ​វេទិកា​ធុរៈកិច្ច​ឥណ្ឌា​-​កម្ពុជា​ផង​ដែរ ដើម្បី​បង្ហាញ​ពី​ឱកាស​វិនិយោគ និង​ទាក់ទាញ​អ្នកវិនិយោគ​ឥណ្ឌា មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

×