បន្ទាយមានជ័យ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ មានក្តីព្រួយបារម្ភ សោកស្តាយយ៉ាងជ្រាលជ្រៅលើបរិមាណមនុស្សស្លាប់និងរបួសច្រើនឡើងៗក្នុងសម័យសន្តិភាពនិងអភិវឌ្ឍន៍ មានផ្លូវល្អកាន់តែច្រើននោះ។ ពោលគឺច្រើនជាងសម័យទសវត្សរ៍ទី៨០និង៩០។
បរិមាណនោះ សម្តេចក្រឡាហោមនិយាយសំដៅគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលកើតឡើងរាល់ថ្ងៃ គ្មានលោះថ្ងៃណា ហើយបង្កខូចខាតទាំងទ្រព្យសម្បត្តិទាំងឡាយផង។ ឯសម័យសង្គ្រាមនិងក្រោយសង្គ្រាម មានមនុស្សស្លាប់និងរបួសដោយការបាញ់គ្នា ដោយជាន់មីននិងផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមែនតែ មិនមានរាល់ថ្ងៃឡើយ។ ចំនួនក៏តិចដែរ។
សម្តេចស ខេង និយាយដូច្នេះកាលពីថ្ងៃទី២៣មករាឆ្នាំ២០១៨ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងទិសដៅឆ្នៃ២០១៨ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
សម្តេចបានជម្រុញអោយគ្រប់គ្នាពាក់ព័ន្ធត្រូវតែបង្កើនការទទួលខុសត្រូវ ហើយរួមគ្នាទប់ស្កាត់កាត់បន្ថយនូវចំនួន និងស្ថានភាពធ្ងន់ធ្ងរនៃគ្រោះថ្មាក់ចរាចរណ៍ផ្លូវគោកទាំងក្នុងខេត្តបន្ទាយមានជ័យនិងទូទាំងប្រទេស។
សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២៤មករា នេះ សម្តេចក្រឡាហោមស ខេង ក៏ត្រូវអញ្ជើញជាអធិបតីក្នុងពីធីបុកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍៕ ដោយ ៖ បន្ទាយ