ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះ បានចំណាយថវិកា ក្នុងការខាតបង់ក្នុងមួយខែៗប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ សិស្សានុសិស្ស ។
ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនទាំងអស់នៅក្នុងមូលដ្ឋានរាជធានី នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៣មករា នៅសាលារាជធានីភ្នំពេញ លោកអភិបាលបានមានប្រសាសន៍ថា ក្នុងមួយខែៗរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកាប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃខាតបង់សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ ។ ប៉ុន្តែបើទោះបីជាខាតបង់យ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនរុញរានោះទេ សំខាន់អោយសេវាដឹកជញ្ជូនសាធារណៈនេះប្រើប្រាស់អោយចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន ។
លោកបានបញ្ជាក់ផងដែរថា រថយន្តដឹកជញ្ជូនអ្នកដំណើរសាធារណៈ បច្ចុប្បន្ននេះឃើញថា មានភាពយឺតយ៉ាវ ខណៈដែលលោកអង្គុយចាំជិះនៅចំណតរថយន្តមុខវិទ្យាល័យ ជាស៊ីម សន្ធម៉ុក ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោមសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃចន្ទកន្លងមកនេះ។ ជុំវិញបញ្ហានេះ លោកបានស្នើអោយអភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ ពិនិត្យឡើងវិញកុំអោយមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋដែលទទួលលើសេវានេះ ។ ក្នុងនាមយើងជាមន្ត្រីកុំនៅក្នុងប៊ុយរ៉ូធ្វើការជាមន្ត្រីជើង១០ ត្រូវដើរមើលការងាររបស់ខ្លួនគ្រប់គ្រងនៅតាមមូលដ្ឋានផង។ ចំពោះសេវារថយន្តដឹកអ្នកដំណើរសាធារណៈនេះ លោកឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរ ខណ្ឌ សង្កាត់ជួយចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញផងដែរ ពោលគឺបើឃើញថា មានភាពអសកម្មសូមជួយរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាអោយសេវានេះដំណើរការទៅបានរលូននិងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ៕ ដោយ៖កូឡាប