Tuesday, May 24, 2022

ចែក​ស្រូវពូជ​សែន​ក្រអូប ជូន​ប្រជាពលរដ្ឋ ដើម្បី​ដាំ​ដុះ​តាម​តម្រូវការ​ទីផ្សារ នៅ​ខេត្តពោធិ៍សាត់​

​ខេត្តពោធិ៍សាត់​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​អំពាវនាវ​ដល់​ប្រជាកសិករ ត្រូវផ្តោត​ការយកចិត្តទុកដាក់ បង្កបង្កើនផល​ទាំង​ដំណាំ​ស្រូវ និង​ដំណាំ​បន្លែបង្ការ​គ្រប់​ប្រភេទ ដោយ​គិត​ទៅលើ​គុណភាព​និង​ប្រសិទ្ធភាព​ផលិតផល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ក្នុង​ទីផ្សារ និង​ការនាំ​ចេញទៅ​ក្រៅប្រទេស ។​

​ការអំពាវនាវ​បែបនេះ កាលពី​ថ្ងៃទី​១៩​ខែឧសភា ឆ្នាំ​២០២០ នៅ​បរិវេណ​វត្ត​ក្តី​ឈ្វិ​ត (​ហៅ​វត្ត​ក្តី​ឧ​ត្ត​ម​) ក្នុងឱកាស​ចុះ​ចែក​ស្រូវពូជ​សែន​ក្រអូប ប្រមាណ​៤​តោន​កន្លះ របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ជូន​ដល់​ប្រជាកសិករ​សម្រាប់​ធ្វើស្រែ​ដើមរដូវ ចំនួន​១៥០​គ្រួសារ ដែល​មកពី​៨​ភូមិ ក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​មានប្រសាសន៍ថា ផ្តើមចេញពី​ការគិតគូ​ដោះស្រាយ និង​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជួប​ការលំបាក​ខ្វះខាត ដោយសារ​គ្រោះធម្មជាតិ​រាំងស្ងួត ធ្វើឱ្យ​ដំណាំ​ស្រូវ​ទទួលរង​ការខូចខាត​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចូលរួម​ជួយ​ដោះស្រាយ​ពូជស្រូវ ជូន​ដល់​បងប្អូន​ប្រជាកសិករ​ណា​ដែល​ខ្វះខាត​ជាបន្ទាន់​។

​ជាក់ស្តែង​ថ្ងៃនេះ ប្រជាកសិករ​ចំនួន​១៥០​គ្រួសារ មកពី​៨​ភូមិ ក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ពិតជា​មានការ​ខ្វះខាត និង​បាន​ទទួលយក​ស្រូវពូជ​សែន​ក្រអូប យកទៅ​សាបព្រោះ​បើក​ធ្វើស្រែ​ដើមរដូវ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​៣០​គីឡូក្រាម​។ ការផ្តល់ជូន​ពូជស្រូវ​នាពេលនេះ គឺ​សំដៅ​ធ្វើយ៉ាងណា ឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ទូទាំង​ខេត្តពោធិ៍សាត់​ឆ្នាំនេះ កាន់​តែមាន​សន្ទុះ​ជាង​បណ្តា​ឆ្នាំកន្លងមក​។ ខេត្តពោធិ៍សាត់​របស់​យើង ពិតជា​មានភ័ព្វ​សំណាង​ណាស់ ដែល​ទទួលបាន​នូវ​សមិទ្ធផល​ជាច្រើន​ពី សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន​ទំនប់​ស្ទាក់​ទឹក​ទី​៣​និង​ទី​៥​នៅក្នុង​ស្រុក​ភ្នំក្រវាញ ប្រព័ន្ធ​ស្រោចស្រព​ធំៗ​ចំនួន​២​កន្លែង គឺ​ប្រឡាយ​មេ​ដំណាក់​អំពិល និង​ប្រឡាយ​មេ​ចារឹក ក្នុងភូមិ​សាស្ត្រ​ប៉ែក​ខាងលើ រួមមាន​ស្រុក​ភ្នំក្រវាញ ស្រុក​តា​លោ​សែន​ជ័យ ស្រុក​បាកាន ក្រុង​ពោធិ៍សាត់​និង​ប៉ែក​ខាងក្រោម ក្នុងស្រុក​កណ្តៀង​។​

​ឯកឧត្តម ម៉ៅ ធនិន នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ បានស្នើ​ឱ្យ​មន្ទីរ​ធនធានទឹក និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​ទឹក ចេញពី​ប្រឡាយ​មេ ជូន​បងប្អូន​ប្រជាជន​យើង​ប្រើប្រាស់ ឱ្យបាន​សមស្រប​ទៅតាម​រដូវ​កាល​។ សូម​ផ្ដាំផ្ញើ​ដល់​ប្រជាកសិករ ធ្វើការ​ពិភាក្សា​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ ឬ​ភ្នាក់ងារ​កសិកម្ម ដែល​ចុះ​ជាប់​ជាប្រចាំ ត្រូវ​ជ្រើសរើស​ពូជស្រូវ​ណា ដែលជា​តម្រូវការ​ទីផ្សារ និង​ធានា​តម្លៃ​នាំចេញ​១០០​ភាគរយ​៕

​ដោយ​៖​អ៊ុង​សា​រុំ​