បាត់ដំបង៖ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ បាននាំយកបច្ច័យចំនួន៤.៥០០ដុល្លារ និងទេយ្យវត្ថុ
មួយចំនួនទៅប្រគេនដល់ចៅអធិការវត្ត គីរីជុំ ក្នុងឃុំតាគ្រាម សម្រាប់កសាងសមិទ្ធផលក្នុងវត្ត និងបានពិនិត្យស្ថានភាពដីទំហំជាង១ហិកតា ដែលចៅអធិការវត្ត និងគណៈកម្មការ អាចារ្យវត្តគីរីជុំ បានប្រគល់ជូនទៅវិទ្យាល័យតាគ្រាម សម្រាប់
ប្រើប្រាសជាប្រយោជន៍ក្នុងវិស័យអប់រំ។
ឯកឧត្តម ក៏បានចុះពិនិត្យការសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់មានចំនួន១២បន្ទប់ ស្ថិតនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ និងពិភាក្សាជាមួយវិស្វករ អាជ្ញាធរ ស្រុក ឃុំ និងថ្នាក់ដឹកនាំសាលាដើម្បីរៀបចំគម្រោង កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលា ដូចជា សួនច្បារ ដងទង់ជាតិ ទីលានកីទ្បា។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ផល បានចុះទៅពិនិត្យការសាងសង់អគារសិក្សា២ជាន់ មានចំនួន១២បន្ទប់ នៅវិទ្យាល័យសម្ដេច ស ខេង កន្ទឺ២ និងបានធ្វើការប្រជុំពិភាក្សាជាមួយក្រុមវិស្វករ, អាជ្ញាធរស្រុកឃុំ, ឯកឧត្តមប្រធានក្រុមការងារឃុំកន្ទឺ២ និងសហការី, ការិយាល័យអប់រំ ព្រមទាំងនាយកសាលា ដើម្បីធ្វើការប្រមូលផ្តុំមតិយោបល់លើគម្រោងប្លង់រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិទ្យាល័យ ដែលក្រុមវិស្វករបានគូរព្រាង រួមមាន ផ្លូវ សួនច្បារ ខ្លោងទ្វារ ដងទង់ជាតិ ទីលានកីទ្បា ចំណតរថយន្ត ម៉ូតូ កង់ អាហារដ្ឋាន របងខណ្ឌរវាងវិទ្យាល័យ និងបឋមសិក្សា ៕
ដោយ ៖ CEN