ជំនួយការសេតវិមានអាមេរិច បានធ្វើការព្រមានសារជាថ្មីទៀតនៅថ្ងៃអាទិត្យថា អាមេរិចអាចនឹងដកសិទ្ធិពាណិជ្ជកម្មពិសេសចេញពីទីក្រុងហុងកុង ប្រសិនជាចិនអនុម័តច្បាប់សន្តិសុខថ្មី ដើម្បីគ្រប់គ្រងហុងកុង។
ការព្រមានជាថ្មីនេះ ចេញពីទីប្រឹក្សាសន្តិសុខជាតិអាមេរិច លោក Robert O’Brien ចំពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ ការព្រមាននេះ ក៏កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលរដ្ឋមន្ត្រីការបរទេសចិន Wang Yi បានព្រមានថា ចិន និងអាមេរិច ហាក់ស្ថិតនៅមាត់ច្រាំងនៃសង្គ្រាមត្រជាក់។
លោក Robert O’Brien បានថ្លែងប្រាប់សារពត៌មាន CBSដូច្នេះថា “វាហាក់ដូចជាពួកគេកំពុងតែរំលោភកិច្ចព្រមព្រៀង” ដោយលោកចង់សំដៅទៅលើកិច្ចព្រមព្រៀងឆ្នាំ ១៩៨៤របស់ទីក្រុងប៉េកាំង ដែលយល់ព្រមផ្តល់ស្វ័យភាព ដល់ទីក្រុងហុងកុងរហូតដល់ឆ្នាំ ២០៤៧។
“ខ្ញុំមើលមិនឃើញថា ហុងកុងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនោះទេ ប្រសិនជាបក្សកុម្មុយនិស្តចិន ឆ្លងកាត់ និងអនុម័តច្បាប់សន្តិសុខជាតិ និងគ្រប់គ្រងលើទីក្រុងហុងកុង។”។
លោកបន្ថែមទៀតថា “វានឹងក្លាយជាសោកនាដកម្ម សម្រាប់ប្រជាជនហុងកុង ហើយវាក៏មានផលអាក្រក់ផងដែរ សម្រាប់ចិន”។
សូមបញ្ជាក់ថា ទីក្រុងហុងកុង ត្រូវបានអង់គ្លេស ប្រគល់ទៅឲ្យចិនវិញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងផ្តល់ស្វ័យភាព និងសិទ្ធិសេរីភាព ដល់ទីក្រុងនេះសម្រាប់រយៈពេល ៥០ឆ្នាំ។ ការទទួលបានសិទ្ធិស្វ័យភាពពិសេស របស់ទីក្រុងហុងកុង ក៏មានចែងក្នុងច្បាប់អាមេរិចដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia