ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាននិយាយថា កោះតៃវ៉ាន់នឹងផ្តល់ជំនួយចាំបាច់ ដល់ប្រជាជនហុងកុង។ ការប្រកាសរបស់អ្នកស្រី កើតឡើងក្រោយពេលមានការផ្ទុះការតវ៉ាថ្មីទៀត នៅក្នុងទីក្រុងហុងកុង ប្រឆាំងនឹងច្បាប់សន្តិសុខជាតិ ដែលស្នើដោយទីក្រុងប៉េកាំង។
តៃវ៉ាន់ បានក្លាយជាជម្រកភៀសខ្លួន សម្រាប់ប្រជាជនហុងកុង ប៉ុន្តែចំនួនជនភៀសខ្លួន មកពីហុងកុងកាន់តែកើនឡើង ចាប់តាំងពីមានការតវ៉ា នៅហុងកុងកាលពីឆ្នាំមុនមក។
ប្រជាជនហុងកុងរាប់ពាន់នាក់ បានចាប់ផ្តើមធ្វើការតវ៉ានៅថ្ងៃអាទិត្យ ប្រឆាំងនឹងសំណើរច្បាប់សន្តិសុខជាតិរបស់ប៉េកាំង។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹកដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលប្រឆាំងតវ៉ានឹងសំណើរច្បាប់នោះ។
អ្នកស្រី Tsai Ing-wen បានសរសេរនៅលើហ្វេសប៊ុកអ្នកស្រី នៅថ្ងៃអាទិត្យថា សំណើរច្បាប់នោះ មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សេវីភាព និងភាពឯករាជ្យរបស់តុលាការនៅហុងកុង។
អ្នកស្រីនិយាយទៀតថា គ្រាប់កាំភ្លើង និងការបង្ក្រាបមិនមែនជាវិធីដោះស្រាយ សេចក្តីប្រាថ្នារបស់ប្រជាជនហុងកុង ដែលចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។
អ្នកស្រីនិយាយថា “ក្នុងពេលកំពុងប្រឈមនឹងស្ថានភាពផ្លាស់ប្តូរ សហគមន៍អន្តរជាតិ បានជួយយ៉ាងសកម្មដល់ប្រជាជនហុងកុង”។
“តៃវ៉ាន់នឹងកាន់តែសកម្មខ្លាំងទៀត និងឆ្ពោះទៅមុខជាមួយនឹងកិច្ចការគាំទ្រ និងផ្តល់ជំនួយចាំបាច់ដល់ប្រជាជនហុងកុង”។
ការតវ៉ានៅទីក្រុងហុងកុង ទទួលបានក្តីអាណិតអាសូរយ៉ាងខ្លាំងពីតៃវ៉ាន់ ហើយការផ្តល់ការគាំទ្ររបស់មេដឹកនាំតៃវ៉ាន់ និងរដ្ឋបាលអ្នកស្រីដល់អ្នកតវ៉ាហុងកុង កាន់តែធ្វើឲ្យទំនាក់ទំនងរវាងតៃវ៉ាន់ និងចិនតានតឹងខ្លាំង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia