ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានចេញប្រកាស ស្តីពីការកែសម្រួលចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ បើតាមលោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ក្នុងប្រកាសនេះថា ប្រកាសនេះ មានគោលបំណងកែសម្រួល ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ការធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវបានបែងចែកជាបីប្រភេទ គឺ១)អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គលឬសហគ្រាសសហកម្មសិទ្ធិ ដែលមានផលរបរប្រចាំឆ្នាំចាប់បី២៥០លានរៀលដល់៧០០លានរៀល ឬមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី៦០លានរៀលឡើងទៅ ឬរំពឹងថាមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាខាងមុខ ចាប់ពី៦០លានរៀលឡើងទៅ ឬចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។ អ្នកជាប់ពន្ធមធ្យម គឺជា សហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី៧០០លានរៀល ដល់៤០០០លានរៀល ឬសហគ្រាស់ដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការឬសមាគមគ្រប់ប្រភេទរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ឬបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ។ អ្នកជាប់ពន្ធធំ គឺជា សហគ្រាស់ដែលមានផលរបរប្រចាំឆ្នាំលើសពី៤០០០លានរៀល ឬបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សម្រាប់គោលដៅនៃប្រកាសនេះ ពាក្យ “ផលរបរ” សំដៅដល់តម្លៃនៃការផ្គត់ផ្គង់ទំនិញឬសេវាដែលជាសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ៕ ដោយ៖បញ្ញាស័ក្តិ