Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុភាព​អគ្គិសនី​សរុប​ក្នុងស្រុក​ឆ្នាំ​២០១៧ មាន​ចំនួន ១.៨៦៦ មេហ្កា​វ៉ាត់ ក្នុង​ទំហំ​វិនិយោគ​ចំនួន ៣.៧៣២ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖​អនុភាព​អគ្គិសនី​សរុប​ក្នុងស្រុក​ឆ្នាំ​២០១៧ មាន​ចំនួន ១.៨៦៦ មេហ្កា​វ៉ាត់ បើ​គិត​តាម​ស្តង់ដារ​ថ្លៃ​មធ្យម ២ លាន​ដុល្លារ ក្នុង​១​មេហ្កា​វ៉ាត់ ដែល​មាន​ទំហំ​វិនិយោគ​លើ​ប្រភព​អគ្គិសនី​ក្នុង​ស្រុក​ទាំងអស់​មាន​ចំនួន ៣.៧៣២ លាន​ដុល្លារ​អាមេរិក ។​

​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សូហ្វីតែ​ល ភ្នំពេញ ភូ​គី​ត្រា អាជ្ញាធរ​អគ្គិសនី​កម្ពុជា ប្រារព្ធ​សន្និបាត​បូកសរុប​ការងារ​ត្រួតពិនិត្យ និង​គ្រប់គ្រង ការធ្វើ​សេវាកម្ម​អគ្គិសនី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បញ្ចប់​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ។​

​តាម​របាយការណ៍​បូក​សរុប​របស់ លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចំពោះ​សមិទ្ធផល នៃ​ការអភិវឌ្ឍន៍​ប្រភព​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៧​នេះ សមាមាត្រ​នៃ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​បាន​ថយចុះ​ពី​២២% មក​ត្រឹមតែ​១៨,៦% រួច​ប្រភព​ថាមពល​ដែល​បាន​ប្រើប្រាស់​បាន​កើនឡើង​ចំនួន ១១% ។ អនុភាព​សរុប​ក្នុងស្រុក​ឆ្នាំ​២០១៧ មាន​ចំនួន ១.៨៦៦ មេហ្កា​វ៉ាត់ បើ​គិត​តាម​ស្តង់ដារ​ថ្លៃ​មធ្យម ២ លាន​ដុល្លារ ក្នុង​១​មេហ្កា​វ៉ាត់ ទំហំ​វិនិយោគ​លើ​ប្រភព​អគ្គិសនី​ក្នុង​ស្រុក​ទាំងអស់​មាន​ចំនួន ៣.៧៣២ លាន​ដុល្លារ​អាមេរិក ។​

​ដោយឡែក​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អគ្គិសនី​ទូទាំងប្រទេស​ចំនួន ២.៤០៩.៩០៧ នាក់ មាន​អ្នកប្រើប្រាស់​ចំនួន ២.៣១៦.៥៩៥ នាក់ ត្រូវជា ៩៦,១៣% បាន​ទទួល​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ និង​ទទួល​បាន​ការ​បន្ថយថ្លៃ​អគ្គិសនី តាម​ផែនការ​បន្ថយថ្លៃ​របស់​រាជរដ្ឋាភិបាល ។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ស្នើ​ឲ្យ​អគ្គិសនី​កម្ពុជា និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា រួម​គ្នា​លុបបំបាត់​ករណី ដាច់​ចរន្ដអគ្គិសនី​ជា​ញឹកញាប់ នៅតាម​តំបន់​មួយចំនួន ដើម្បី​បន្ថយ​ការ​ខឹងសម្បារ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ទាំងនោះ​។​

​លោក ស៊ុយ សែម បាន​លើកឡើង​ថា តាម​លទ្ធផល​នៃ​ការចុះ​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ នៅតាម​តំបន់​នានា របស់​ក្រុម​អ្នកសិក្សា ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​វាយតម្លៃ ការផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា របស់​ធនាគារ​ពិភពលោក នៅ​ឆ្នាំ​២០១៧ បានបង្ហាញ​ថា មាន​តំបន់​ផ្គត់ផ្គង់​អគ្គិសនី​ចំនួន​ជាង​ពាក់កណ្ដាល កើត​មាន​ការរអាក់រអួល​ដាច់​ចរន្ដអគ្គិសនី​ញឹកញាប់ ប្រហែល​១៤​ដង ក្នុង​១​អាទិត្យ​។​

​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​បានបញ្ជាក់​ថា ពិតមែនតែ​ចំនួន​តំបន់ និង​ចំនួន​ដាច់​ចរន្ដអគ្គិសនី អាច​ត្រូវបាន​អ្នកទទួល​សម្ភាសន៍ ដែល​កំពុង​ខឹង​នឹង​ការ​ដាច់​អគ្គិសនី និយាយ​បំប៉ោង​ខ្លះ​ក៏ដោយ ប៉ុន្ដែ​វា​ក៏​សញ្ញា​មួយ​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រើន​បាន​ជួបប្រទះ នឹង​ការរអាក់រអួល​ដាច់​ចរន្ដអគ្គិសនី​ញឹកញាប់ រួច​កំពុងតែ​ខឹងសម្បារ​នឹង​ការរអាក់រអួល​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អគ្គិសនី​កម្ពុជា និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ធ្វើ​សកម្មភាព​ការងារ​នេះ ឲ្យបាន​ឆាប់រហ័ស ដើម្បី​បន្ថយ​ការ​ខឹងសម្បារ របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ ដែល​រអាក់រអួល​ទាំងនោះ​។ ចំពោះ​ការ​ប្រឈម​ផ្សេងៗ​ទៀត លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ ឲ្យ​អ្នកផ្គត់ផ្គង់​អគ្គិសនី​ទូទាំងប្រទេស មាន​ស្ថិរភាព មាន​សុវត្ថិភាព និង​កាន់តែ​មាន​ភាពងាយស្រួល​ខ្លាំង​ឡើង សម្រាប់​អ្នក​ប្រើប្រាស់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×