ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា អ្វីទៅដែលហៅថា “គ្រាប់មីនសុភមង្គល”? បើគ្រាប់មីនផ្ទុះត្រូវ ហើយមិនដែលមានសុភមង្គលទេកុំឆ្ងល់ពេក ចុះហេតុអ្វី? គ្រាប់មីនប្រឆាំងមនុស្សប្រើប្រាស់នៅកម្ពុជាមានច្រើនប្រភេទ ហើយការពីសម័យសង្គ្រាមកំពុងឆាបឆេះ មានគ្រាប់មីនប្រឆាំងមនុស្សមួយចំនួនត្រូវបានគ្រួសារកងទ័ពឱ្យរហស្សនាមថា “គ្រាប់មីនសុភមង្គល” តើអ្វីទៅជាគ្រាប់មីនសុភមង្គលនោះ?
បើតាមផេកផ្លូវការ លោកអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ជាប្រភេទគ្រាប់មីនប្រឆាំងមនុស្សមានទំហំតូចៗ ជាប្រភេទគ្រាប់មីនមានកម្លាំងផ្ទុះជាខ្យល់គ្មានអំបែងទេ ដូចជាប្រភេទគ្រាប់មីន 72, ប្រភេទM14 ជាដើម ដែលគ្រាប់ប្រភេទនេះ មានកម្រិតជាតិផ្ទុះតិចនិងអាចធ្វើឱ្យពិការជើងម្ខាង។
លោកបានបន្ថែមថា ដោយសារការពិការជើងម្ខាងនេះ អាចជួយឱ្យប្តីគាត់ ឬកូនគាត់ មិនត្រូវបញ្ជូនទៅប្រយុទ្ធនៅសមភូមិមុខទៀតទេ ដូចនេះពួកគាត់អាចរស់នៅជុំប្តីប្រពន្ធ បានសុខស្រួលបន្តិច ហេតុនេះហើយ គ្រាប់មីនបែបនេះ ក្លាយជា”គ្រាប់មីនសុភមង្គល” បើទោះបីជាពិការជើងម្ខាងក៏ដោយចុះ។
លោកបានបញ្ជាក់ថា “នេះហើយរសជាតិនៃសង្គ្រាម បើត្រូវគ្រាប់មីនហើយមិនដែលមានសុភមង្គលទេកុំឆ្ងល់ពេក តែដោយជីវិតបែកបាក់គ្រួសារដោយសារសង្គ្រាមនោះ វាលំបាកពេកដូចនេះ ត្រូវតែមានការលះបង់ខ្លះ ឱ្យតែបានជួបជុំគ្នាពិការជើងម្ខាងក៏ព្រមដែរ។ អាចជាការនិយាយលេងសើច តែក៏ជាការពិតដែរ តែមិនចំពោះអតីតយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងទេ អ្នកខ្លះជាន់មីន២ឬ៣លើកក៏មានដែរ”៕ ដោយ៖បញ្ញាស័ក្តិ