ភ្នំពេញ៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា វារីវប្បកម្ម បានចូលរួមចំណែកខ្ពស់ ក្នុងការបង្កើនជីវភាពរបស់ប្រជាជននៅខេត្តកណ្តាល ឲ្យកាន់តែប្រសើរ ដោយមានប្រជាជនចំនួន ១៨៥គ្រួសារ បានធ្វើការចិញ្ចឹមត្រីតាមស្រះចំនួន ២៦៦ស្រះ ចិញ្ចឹមតាមបែរចំនួន ៩១គ្រួសារ និងមានចំនួន ១១០បែរ។
អភិបាលខេត្តកណ្តាល បានបន្ថែមថា វិស័យជលផលក្នុងខេត្ត មានសក្តានុពល ក្នុងការជំរុញជីវភាពប្រជាជន ក្នុងខេត្តឲ្យប្រសើរឡើងខ្ពស់ ដោយមានកន្លែងនេសាទច្រើន ដូចជា ទន្លេ បឹង និងឡូតិ៍ដាយត្រីនៅតាមដងទន្លេសាប សរុប ៤៤មាត់។ ផលចាប់ទទួលបានសរុបនៅឆ្នាំ២០១៩ មកដល់បច្ចុប្បន្នចំនួនជាង ២ម៉ឺន ៣ពាន់តោន ខណៈដែលការបង្ក្រាបបទល្មើសនេសាទ មានចំនួន ១១៧ករណី ដូចជា លូស្បៃម៉ុង ឆក់ត្រី។
កសិកម្ម ជាវិស័យស្នូលបានចូលរួមក្នុងសេដ្ឋកិច្ចខេត្តកណ្តាលច្រើនជាងគេ គឺជិត ៣៩ភាគរយ ក្នុងនោះលោកបានគាំទ្រខ្សែច្រវ៉ាក់ផលិតកម្ម ដោយបង្កើតបណ្តុំអាជីវកម្មបន្លែមានចំនួន ៨៩បណ្តុំ កសិករចូលរួម ២៧២០គ្រួសារ។
ទន្ទឹមនេះដែរ ក្រុមផលិតបន្លែសុវត្ថិភាព ៣៣ក្រុម និងសហគមន៍បន្លែសុវត្ថិភាព ៦សហគមន៍ កសិករចូលរួម ៦៣៩គ្រួសារ ត្រូវបានបង្កើតនិងបណ្តុះបណ្តាលបច្ចេកទេស ដាំដុះ និងជួយសំរបសំរួលទីផ្សារ។
សូមបញ្ជាក់ថា GDP របស់ខេត្តនាឆ្នាំ២០១៨ មានប្រមាណប្រាំបួនពាន់បួនរយកៅសិបបួនពាន់លាន ប្រាំពីររយកៅសិបប្រាំលលានរៀល គិតជាដុល្លារប្រហែល ២,៣៤៤លានដុល្លារ។ GDP ក្នុងមនុស្សម្នាក់មាន ១,៨៦០ដុល្លារ កើនឡើង ៧.៧០% ធៀបនឹងឆ្នាំ២០១៧ ខណៈដែលអត្រាភាពក្រីក្រថយចុះមកត្រឹម ៥.៣៣% នាឆ្នាំ២០១៨ ដែលស្របទៅនឹងគោលដៅកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលឲ្យស្ថិតនៅក្នុងអត្រាទាងជាង ១០%។ រីឯកំណើនសេដ្ឋកិច្ចទទួលបានពីវិស័យកសិកម្មមាន ៣៨,៧%, ឧស្សាហកម្ម ៣៤,២% និងសេវាកម្ម ២៧,១%៕
ដោយ៖សម្ផស្ស