ភ្នំពេញ៖ ស្ត្រីម្នាក់បានចូលសម្រាលកូននៅក្នុងមន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ីលីត តែដោយសម្រាលតាមបែបធម្មជាតិ មិនកើតក្រុមគ្រូពេទ្យ បានធ្វើការវះកាត់បានកូនប្រុសម្នាក់ តែជាអកុសលក្រោយពេលវះកាត់ បានពីរថ្ងៃក៏ស្លាប់ចោលកូន នៅក្នុងមន្ទីរពេទ្យតែម្ដងករណីនេះដែរ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ីលីត ផ្ទះលេខ៤៤៨ ផ្លូវកេខ៧C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បើតាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពបានបន្ដថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេទ្យ អ៊ី លីត តែដោយសម្រាលតាមបែបធម្មជាតិមុនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ អ៊ី លីត មានការធ្វេសប្រហែស មិនបានដាក់សុងទឹកនោមឲ្យជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះដើរចូលបន្ទប់ទៅបត់ជើង ក្នុងបន្ទប់ទឹកក៏ដួលស្លាប់ ក្នុងបន្ទប់ទឹកតែម្ដង។
លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោយភាគីខាងមន្ទីរពេទ្យ និងសាច់ញាតិជនរងគ្រោះ បានសម្របសម្រួលគ្នា ដោយមិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។
ស្ត្រីរូបនោះ បានស្លាប់ ក្រោយពេលវះកាត់សម្រាកកូន ហើយបានស្លាប់នៅព្រឹកថ្ងៃទី២៩ខែឧសភានេះ។ នេះជាការវះកាត់លើកទី២ ពេលសម្រាកកូនប្រុសទី២របស់គាត់។ សពត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ រួមជាមួយនិងទារកដែលមានសុខភាពល្អ ។ សពយកទៅធ្វើបុណ្យនៅស្រុកកំណើត ។
ពាក់ព័ន្ធករណីនេះ ខាងមន្ទីរសុខាភបាលរាជធានីភ្នំពេញ បញ្ជាក់ថា ចំពោះការងារនេះ ពេលថ្ងៃបន្តិច អ្នកជំនាញនឹងចុះទៅពិនិត្យ តែខាងមន្ទីរព្យាបាល សម្ភព អ៊ីលីត សម្របសម្រួលជាមួយក្រុមគ្រួសារសព បញ្ចប់ដោយស្ងាត់ៗ។ ចំណែកខាងក្រុមសាច់ញាតិនៃសព គឺពុំបាននិយាយអ្វីឡើយ បើទោះបីជាអ្នកសារព័ត៌មានសាកសួរក៏ដោយ ពួកគាត់បានចុះពីលើអគារមន្ទីរពេទ្យ ហើយឡើងរថយន្តទៅបាត់តែម្តង រួមជាទារក និងសព ។
ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សហការី CEN