ភ្នំពេញ៖ ក្រុមអ្នកតវ៉ាដីធ្លី ផ្ទះសម្បែង ស្ថិតក្នុង សហគមន៍ បុរីកីឡា ចំនួន ២០ នាក់ សុទ្ធតែជាស្ត្រី បានលើកគ្នាមកតវ៉ានៅមុខផ្ទះលោកស្រី ស៊ុយ សុផាន ដោយឈរលើកបដា និងវាយឆ្នាំងដើម្បីទាមទារការដំណោះស្រាយសមរម្យលើ បញ្ហាដីធ្លីនិងផ្ទះសម្បែង ដែលពួកគាត់ចោទប្រកាន់ថា លោកស្រីស៊ុយ សុផាន មិនបានដោះស្រាយជាមួយពួកគាត់បានសមស្របទៅអ្វីដែលពួកគាត់ចង់បាន។
ការតវ៉ាដែលមានសម្លេងវាយឆ្នាំងរួមជាមួយសម្រែកទាមទារឲ្យមានការដោះស្រាយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៥ខែមករាឆ្នាំ២០១៨ នៅចំណុចខាងមុខភូមិគ្រឹះ លោកស្រីឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិចដែលមានទីតាំង ផ្ទះលេខ ១៣៤ផ្លូវលេខ ២៣០ ក្រុមទី២៤ភូមិ៩សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងបដារបស់សហគមន៍បុរីកីឡាដែលកាន់ស្រែកតវ៉ា ដោយបានសរសេរថា “បុរីកីឡាត្រូវតែដោះស្រាយជាបន្ទាន់ ។ ដោះស្រាយសងផ្ទះ សងដីពួកយើងនៅបុរីកីឡា ។ អ្នកស្រីស៊ុយ សុផាន ត្រូវតែសងផ្ទះយើងវិញ ត្រូវតែដោះស្រាយឲ្យពួកយើង”។
បើតាមមន្ត្រីមានសមត្ថកិច្ចរបស់ខណ្ឌទួលគោកបានអោយដឹងថា ការតវ៉ារបស់តំណាងក្រុមអ្នកតវ៉ាដីធ្លី ផ្ទះសម្បែង ស្ថិតក្នុង សហគមន៍ បុរីកីឡាចំនួន ២០នាក់បានលើកគ្នាមកតវ៉ានៅមុខផ្ទះលោកស្រី ស៊ុយ សុផាន ឈរលើកបដា តវ៉ាដើម្បីទាមទារការដំណោះស្រាយសមរម្យលើ បញ្ហាដីធ្លីនិងផ្ទះសម្បែង ហើយនេះមិនមែនជាលើកទី១នោះទេ ដូច្នេះហើយទើបពួកគាត់លើកគ្នាមកតវ៉ាជាថ្មីទៀត។
មន្ត្រីដដែលបន្តថា ក្រុមអ្នកតវ៉ាបាន ដឹកនាំដោយ ១. ភោគ សុភីន ២. សៀ ណារ៉េត ៣. អ៊ឹម ស្រីទូច ក្រោយពីមានការតវ៉ា មិនបានប៉ុន្មានផង ក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចូលមកជួបក្រុមអ្នកតវ៉ា ដើម្បីសម្របសម្រួលដោះស្រាយ ហើយភាគី លោកស្រីស៊ុយ សុផាន ក៏មានមេធាវីម្នាក់ចេញមកធ្វើការដោះស្រាយផងដែរ ដើម្បីកុំឲ្យបាត់បង់សណ្តាប់ធ្នាប់ ការដោះស្រាយនោះត្រូវបានធ្វើឡើងនៅក្នុងសាលាសង្កាត់បឹងសាឡាង ។
មន្ត្រីរដ្ឋបាលសង្កាត់បឹងសាឡាងបញ្ជាក់ឲ្យដឹងថា ក្រោយពីមានការសម្របសម្រួលនៃការដោះស្រាយ គឺរដ្ឋបាលសង្កាត់បានសន្យាថា នឹងធ្វើរបាយការណ៍ស្តីពីការទាមទារនេះ ទៅរដ្ឋបាលខណ្ឌទួលគោក ដើម្បីដោះស្រាយបន្ត ហើយក្រុមអ្នកតវ៉ាក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកតវ៉ាដីធ្លី ផ្ទះសម្បែង ស្ថិតក្នុង សហគមន៍ បុរីកីឡាចំនួន២០នាក់ បានធ្វើការទាមទារឲ្យលោកស្រីឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ដោះស្រាយឲ្យផ្ទះជូនពួកគាត់១ល្វែងនៅបុរីកីឡា តែបើមិនដូច្នេះទេ ឲ្យលុយមកពួកគាត់ក្នុងមួយគ្រួសារ២៥.០០០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង៕ ដោយ៖បញ្ញាស័ក្តិ