ស្ទឹងត្រែង៖ ប្រជាពលរដ្ឋប្រមាណជាង ៤០០គ្រួសារ រស់នៅឃុំអន្លង់ជ្រៃ ស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង បានដាក់លិខិតស្នើសុំសិទ្ធិកាន់កាប់ដីស្រែ និងចម្ការ ដោយស្របច្បាប់ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ការស្នើសុំនោះ បានធ្វើឡើងតាមរយៈអាជ្ញាធរភូមិឃុំ និងមានដាក់លិខិតជូនឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
តំណាងប្រជាពលរដ្ឋ បានលើកឡើងនៅថ្ងៃទី២ ៩ខែឧសភា ឆ្នាំ២០២០ថា លិខិតដែលដាក់ជូន មានចំណារបស់នាយកខុទ្ទាល័យសម្តេចតេជា ហ៊ុន សែននៅឆ្នាំ២០១៨។
រហូតមកដល់ឆ្នាំ២០២០នេះ ពលរដ្ឋចង់បង្កើតភូមិអភិវឌ្ឍ នៅភូមិឃុំអន្លង់ជ្រៃ មិនទាន់ទទួលបានសិទ្ធិ កាន់កាប់ដីដែលស្នើសុំនោះនៅឡើយទេ។
លោក យក់ ម៉ៅ មេភូមិអន្លង់ជ្រៃ បាននិយាយថា ប្រជាពលរដ្ឋចំនួន៤១២គ្រួសារ ចង់បានដីស្រែ និងចម្ការ លើទំហំ៤.៦៥៦ហិកតា សម្រាប់កូនចៅធ្វើកសិកម្ម ក្នុងភូមិសាស្ត្រឃុំអន្លង់ជ្រៃ។ ប្រជាពលរដ្ឋមិនចង់ឃើញអ្នកចំណាកស្រុកមានដី។ ចំណែកប្រជាពលរដ្ឋមូលដ្ឋាន បែរជាខ្លះដីនោះឡើយ។
ប្រជាពលរដ្ឋនៅតែមានសង្ឃឹម លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ផ្តល់សិទិ្ធកាន់កាប់ដីស្រែចម្ការ ដោយស្របច្បាប់ ដល់អ្នកឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយប្រជាពលរដ្ឋ ក៏សង្ឃឹមថា ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ទទួលស្គាល់លើចំណារលើលិខិតឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទាល័យសម្តេចតេជោ។ លោកអភិបាលខេត្ត នឹងចុះជួបប្រជាពលរដ្ឋទាំងនោះដោយផ្ទាល់៕
ដោយ៖សុខុម