បាត់ដំបង៖ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចុះបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រលកទី២ ធ្វើឡើងនៅលើទីតាំងសំខាន់ៗចំនួន៣កន្លែង រួមមាន សាលាដំបូងខេត្ត សាលាបឋមសិក្សា២ធ្នូ និងវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី មានតួនាទីជាអ្នកសម្របសម្រួលជាមួយសង្គមស៊ីវិល ជាពិសេសបានកៀរគរជំនួយ ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងពេលថ្មីៗនេះ ដោយមានការជួយគាំទ្រ លើផ្នែកបច្ចេកទេស និងឧបករណ៍សម្ភារ មកពីប្រទេសចិន ក្រុមការងារបានចុះបាញ់ថ្នាំសម្លាប់មេរោគបាន ៥១គោលដៅ នៅរាជធានី និងខេត្ត ចំនួន១០រួចមកហើយ។ ក្នុងរយៈពេល១៥ថ្ងៃ ដែលបានបាញ់ថ្នាំជិត ១លាន៦សែនម៉ែត្រការ៉េ ហើយការងារនេះ នឹងបន្តទៅខេត្តផ្សេងៗចំនួនទៀត។
យោងតាមផេកហ្វេកប៊ុកផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺកូវីដ១៩ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យ សុខភាព អាយុជីវិត សម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់ នៅក្នុងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគជំងឺកូវីដ១៩ ឲ្យសោះ៕
ដោយ៖អ៊ុងសារុំ