ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីនគរបាលយុត្តិធម៌ បានរួមគ្នាត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈមនានា ដោយក្នុងនោះ ឯកឧត្តមស្នងការនគរបាលរាជធានី ក៏បានស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ ជាពិសេសលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្នុងជួយសហការឲ្យមានការពន្លឿន ក្នុងការចេញដីការលើបទល្មើសឧក្រិដ្ឋធំៗឲ្យបានលឿន ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការយកទៅអនុវត្តឲ្យបានទាន់ពេលវេលា ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងនឹងដាក់ចេញវិធានការដើម្បីដោះស្រាយកាត់បន្ថយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ។ក្នុងនោះរួមមានវិធានការការជម្រុញពន្លឿនសំណុំរឿងទៅជំនុំជំរះដោយផ្ទាល់នៅតុលាការ និងសំណុំរឿងខ្លះត្រូវអនុញ្ញាតឱ្យចាត់ការត្រឹមមន្ត្រីនគរបាលយុត្តិធម៌ដែលជាម្ចាស់ករណីសំណុំរឿង ។
ការដាក់ចេញវិធានការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញក្រោយពីគេមើលឃើញក្រសួងយុត្តិធម៌ទើបបានដាក់ចេញនូវយុទ្ធនាការដោះស្រាយបញ្ហាកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីខេត្ត ។ យុទ្ធនាការនោះដើម្បីជួយសម្រាលភាពចង្អៀតណែនណាន់តាន់តាប់ចំពោះអ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ គ្រាដែលរបាយការណ៍បានបង្ហាញឱ្យដឹងថា ក្នុងមួយឆ្នាំៗមានសំណុំរឿងប្រមាណ១ម៉ឺនសំណុំរឿង បានកកស្ទះនៅតាមសាលាដំបូងរាជធានី-ខេត្ត ហើយភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈមនានា រវាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបភាពលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុឃី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក អន សុខន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារិន តំណាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោកព្រះរាជអាជ្ញាររង លោកប្រធាន អនុប្រធាននាយកដ្ឋាន លោកស្នងការរង អធិការ អធិការរង មេបញ្ជាការកងរាជអាវុធខណ្ឌទាំង១៤ តំណាងសាលាខណ្ឌ តំណាងមន្ទីរសង្គមកិច្ច និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្នុងឱកាសនោះដែរលោក កែវ សុធា ក៏បានចូលមតិយោបល់ជាច្រើនដល់អង្គប្រជុំ ដើម្បីចូលរួមសហការណ៍គ្នាក្នុងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ជាពិសេសត្រូវចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវដាក់ទោសឲ្យធ្ងន់ធ្ងរដល់អ្នកជួញដូរសារធាតុញៀនដោយខុសច្បាប់ ហើយមិនអនុញ្ញាតឲ្យនៅក្រៅឃុំឡើយ ក៏ដូចជាដាក់ទោសឲ្យធ្ងន់ធ្ងរចំពោះជនដែលបង្កបទល្មើសឆក់ ជាទោសឧក្រិដ្ឋ ម្យ៉ាងវិញទៀតចំពោះករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យស្លាប់ គឺត្រូវរៀបចំសំណុំរឿងបញ្ជូនទៅជំរះដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ មិនត្រូវលើកលែងឡើយ ។
លោក កែវ សុធា ប្រធាននៃកិច្ចប្រជុំបានលើកឡើងថា ដើម្បីកាត់បន្ថបញ្ហាកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ គឺខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតករណីសំណុំរឿងពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន តម្រូវឱ្យមន្ត្រីនគរបាលយុត្តិធម៌ដែលជាម្ចាស់ករណីត្រូវបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនដោយផ្ទាល់ ។ គ្រាន់តែបញ្ជូនសំណុំឯកសារទៅអយ្យការអមសាលាដំបូងដើម្បីចៀសវាងកុំឱ្យរងការចោទប្រកាន់ករណីបង្ខាំងមនុស្សដោយខុសច្បាប់ ។ ការដោះស្រាយបញ្ហាសំណុំរឿងប្រើប្រាស់គ្រឿងញៀន គឺបានកាត់បន្ថយយ៉ាងហោចណាស់ពី០២ពាន់ទៅ០៣ពាន់សំណុំរឿងក្នុង០១ឆ្នាំ ។
លោកព្រះរាជអាជ្ញាបានលើកឡើងទៀតថា ជាងនេះថែមទៀតអយ្យការពិនិត្យពិចារណាសំណុំរឿងបទល្មើសមជ្ឈិមដែលមានធាតុផ្សំ និងលក្ខខណ្ឌគ្រប់គ្រាន់ត្រូវដាក់បន្ទុកក្នុងចន្លោះទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ គឺអាចបញ្ជូនជនជាប់ចោទទៅជំនុំជម្រះ ដោយផ្ទាល់ អនុវត្តតាមមាត្រា៤៨នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ លោក កែវ សុធា បន្តទៀតថា ក្នុងការអនុវត្តនីតិវិធីខាងលើត្រូវទាមទារឱ្យមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿងឱ្យបានរឹងមាំ មានគុណភាព និងយុត្តិធម៌ ។
កិច្ចប្រជុំនោះផងដែរ ក៏បានលើកឡើងនូវចំណុចប្រឈមមួយចំនួន ដូចជាការស៊ើបអង្កេតបឋម ការស្នើដីកាបញ្ជាចូលខ្លួន ការផ្ញើជនជាប់ចោទនៅបន្ទប់ឃុំឃាំងបណ្តោះអាសន្នមន្ត្រីនគរបាលយុត្តិធម៌ និងបញ្ហាប្រឈមអនុវត្តនីវិធីបទល្មើសបច្ចេកវិទ្យា បទល្មើសកើតមានក្នុងពន្ធនាគារ ដើម្បីយកមកដោះស្រាយរ
វាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីកុំឱ្យមានការបាចសាចទឹកដាក់គ្នា ក្នុងទិសដៅបម្រើលើវិស័យយុត្តិធម៌ឱ្យបានត្រឹមត្រូវ យុត្តិធម៌ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ ។
ជាមួយនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដល់អង្គពិធី និងសរសើរដល់ការសហការណ៍គ្នាបានយ៉ាងល្អរវាងសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការអនុវត្តច្បាប់ក្នុងគោលបំណងបម្រើដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ឯកឧត្តមស្នងការក៏បានបញ្ជាក់ថែមឲ្យសាលាដំបូងរាជធានីភ្នំពេញ ជាពិសេសលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្នុងជួយសហការឲ្យមានការពន្លឿនក្នុងការចេញដីការលើបទល្មើសឧក្រិដ្ឋធំៗឲ្យបានលឿន ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការយកទៅអនុវត្តឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំដ៏មានសារសំខាន់នេះ និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំងរវាងអយ្យការនិងមន្ត្រីនគរបាលយុត្តិធម៌ នាំមកនូវការអនុវត្តច្បាប់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឈរលើគោលការណ៍ច្បាប់ ។
ឯកឧត្តម ឯឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងនូវការចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសប្រព្រឹត្តបទល្មើសឆក់បណ្តាលឱ្យជនរងគ្រោះរងរបួស ឬរហូតដល់ស្លាប់ ដែលខាងតុលាការបានផ្តន្ទាទោសជនល្មើសដាក់ទោសធ្ងន់ធ្ងរ ពីព្រោះថាករណីអំពើឆក់គឺជនល្មើសចេញពីពន្ធនាគារវិញគឺមិនរាងចាលនោះឡើយ ពួកគេត្រឡប់មកវិញតែងតែបន្តធ្វើសកម្មភាពនេះដដែល ៕
ដោយ៖កូឡាប