ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖ ១.សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហរិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង ២.សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានលើកយកមកពិនិត្យពិភាក្សា រវាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅរសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
សមាសភាពចូលរួមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំង២ រួមមាន៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ ដោយសហការជាមួយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភាផងដែរ។
ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ រួមមាន៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ និង លោកជំទាវ សាយ សំអាត អគ្គលេខាធិការអង្គភាពស៊ើបការណ៍ហរិញ្ញវត្ថុកម្ពុជា។
បើតាមការបញ្ជាក់ពីឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ នៅវិមានសន្តិភាព បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ”។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ” ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering /APG) ដែលកម្ពុជាត្រូវអនុវត្តតាមស្ដង់ដាអន្តរជាតិ ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយ អាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force/FATF)។ ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។
ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា នៅឆ្នាំ២០០៧ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្ដីពី ការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី១ និងបានរកឃើញថា កម្ពុជានៅពុំទាន់មានមូលដ្ឋានគតិយុត្ត និងយន្តការអនុវត្តច្បាប់គ្រប់គ្រាន់។ ការត្រួតពិនិត្យតាមដានជាបឋម ដោយក្រុមការងារហិរញ្ញវត្ថុ នៅឆ្នាំ២០១០ បានរកឃើញថា ការដាក់ទោសការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅពុំទាន់ស្របតាមបទដ្ឋានអន្តរជាតិ វិធានការបង្កក ឃាត់ទុក និងរឹបអូសផលនៃបទល្មើសនៅពុំទាន់មានភាពពេញលេញ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងពុំទាន់មានភាពទូលំទូលាយ។ ដូច្នេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ បានសម្រាចដាក់កម្ពុជាក្នុងបញ្ជីប្រផេះ។
ចាប់តាំងពីឆ្នាំ២០១១ – ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបំពេញកិច្ចការជាច្រើន ដើម្បីបំពេញតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ។ ជាលទ្ធផល អង្គមហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ បានថ្លែងការកោតសសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង និងបានសម្រេចជាឯកច្ឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។
នៅឆ្នាំ២០១៦ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ និងបានរកឃើញថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្ត្រមួយចំនួននៅឡើយ ដូចជា មិនមានមូលដ្ឋានគតិយុត្ត ឬវិធានការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារហិរញ្ញវត្ថុ បានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះម្ដងទៀត និងបានតម្រូវឱ្យអនុវត្តផែនការសកម្មភាពដើម្បីបំពេញបន្ថែមចំណុចខ្វះខាតជាយុទ្ធសាស្ត្រនានាតាមកាលបរិច្ឆេទកំណត់ ដូចជា៖ ត្រូវមានក្របខ័ណ្ឌគតិយុត្តទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយអាវុធមហាប្រល័យ ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២០ និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០២០ ជាដើម។
ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម”។
ឯកឧត្តម បានថ្លែងថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មមានខ្លឹមសារសង្ខេបដូចខាងក្រោម៖ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់(Asia Pacific Group on Money Laundering-APG) កាលពីខែមិថុនា ឆ្នាំ២០០៤ ប្រទេសកម្ពុជាបានរៀបចំក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យប្រើប្រាស់ច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០០៧ និងបានបង្កើតយន្តការអនុវត្តច្បាប់ដូចជា៖ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាជាដើម។
ក្នុងឆ្នាំ២០០៧ នោះដែរ APG បានចុះមកវាយតម្លៃ និងបានពិនិត្យឃើញថា ក្របខ័ណ្ឌគតិយុត្តរបស់យើង នៅមានចំណុចខ្វះខាត មិនទាន់ស្របតាមស្ដង់ដារ និងការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលតម្រូវឱ្យរៀបចំគតិយុត្ត និងស្ថាប័ន។ បន្ទាប់មក នៅក្នុងឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាយើងទៅក្នុងបញ្ជីប្រផេះជាលើកទី១ ហើយតម្រូវឱ្យយើងធ្វើវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
វិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ចំនួន៣មាត្រា ក្នុងនោះទី១ បំពេញបន្ថែមនិយមន័យនៅក្នុងមាត្រា៣ ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ ស្របតាមសភាពការណ៍ថ្មី ទី២ បំពេញបន្ថែមមាត្រា២៩ ដើម្បីបន្ថែមការដាក់ទោស ពោលគឺបន្ថែមមាត្រាចំនួន៧ ថែមទៀត និងទី៣ បំពេញបន្ថែមមាត្រា៣០ ដែលបានបន្ថែមមាត្រាចំនួន៥ ដើម្បីចែងពីការបង្កក ការឃាត់ទុក និងការរឹបអូស។ ច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ដោយបានដាក់ទោសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការកំណត់អំពីយន្តការច្បាស់លាស់អំពីការបង្កក ការឃាត់ទុក និងការរឹបអូសផលនៃបទល្មើស។ បន្ទាប់ពីបានអនុម័តច្បាប់នេះ និងបំពេញការងារមួយចំនួនទៀតរួច FATF ក៏បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។
កិច្ចដំណើរការនៃការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ប្រទេសកម្ពុជាយើង បានទទួលរងការវាយតម្លៃអញ្ញមញ្ញម្ដងទៀតជាលើកទី២ នៅឆ្នាំ២០១៦ ដែល APG ពិនិត្យអំពីប្រសិទ្ធភាព នៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់កម្ពុជា។ ដោយសារ FATF ប្ដូរស្ទង់ដាររបស់ខ្លួននៅឆ្នាំ២០១២ ហើយការវាយតម្លៃលើកនេះ គឺប្រើស្ដង់ដារថ្មីនេះ ការវាយតម្លៃបានពិនិត្យឃើញថា កម្ពុជាយើងនៅខ្វះខាតមូលដ្ឋានគតិយុត្តបន្ថែមទៀតជាច្រើន សម្រាប់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ភាពខ្វះចន្លោះជាយុទ្ធសាស្ត្រទាំងនេះក្លាយជាមូលហេតុ ដាក់ប្រទេសកម្ពុជាចូលទៅក្នុងបញ្ជីប្រផេះ ជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាលទ្ធផល FATF បានកំណត់ផែនការសកម្មភាពមួយដែលមាន ១៤ចំណុច។ ផែនការសកម្មភាពនេះ បានតម្រូវឱ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងការម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីបន្ថែមនូវខ្លឹមសារសំខាន់ៗរួមមាន៖ ១. ការកំណត់ឱ្យបានច្បាស់លាស់នូវនិយមន័យនៃពាក្យបច្ចេកទេស ២. ការបញ្ជាក់បន្ថែមពីនីតិវិធី នៃការយកចិត្តទុកដាក់ស្គាល់អតិថិជន ៣. ការបង្កើនកម្រិតពិន័យជាសាច់ប្រាក់ នៅក្នុងទណ្ឌកម្មខាងព្រហ្មទណ្ឌ ហើយត្រូវចូលជាធរមានឱ្យបានមុនខែកញ្ញា ឆ្នាំ២០២០។
ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៣ជាគោល ព្រមទាំងបញ្ចូលយុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍តាមស្ដង់ដារឆ្នាំ២០១២ របស់ FATF ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ។
ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា គោលបំណងនៃច្បាប់នេះ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយវិសាលភាពនៃច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖កូឡាប