ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់ដោយសារតែឆ្លងជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ក្នុងពេលទៅបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា ទាហានកម្ពុជាម្នាក់ ដែលបានបាត់បង់ជីវិតនៅប្រទេសម៉ាលី ឈ្មោះ ស សាវី ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ បានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ នាយឧត្តមសេនីយ៍ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់យុទ្ធជន ដែលបានពលីនៅប្រទេសម៉ាលីនេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ៕
ដោយ៖បញ្ញាស័ក្តិ