Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​បញ្ហា​សុខភាព សិស្ស​វិទ្យាល័យ ហ៊ុន សែន បាក់​ចិញ្ជៀន​១២​នាក់​ដួលសន្លប់

​ពោធិ៍សាត់ ៖ សិស្សសាលា​វិទ្យាល័យ ហ៊ុន សែន បាក់​ចិញ្ជៀន​ចំនួន​១២​នាក់ បាន​ដួលសន្លប់​បាត់ស្មារតី​ក្នុង​ពេល​កំពុង​សិក្សា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​បាក់​ចិញ្ជៀន ឃុំ​បាក់​ចិញ្ជៀន ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។​

​លោកនាយក​សាលា​វិទ្យាល័យ​ហ៊ុន សែន បាក់​ចិញ្ជៀន​បាន​ប្រាប់ថា មាន​សិស្សស្រី​ម្នាក់​រៀន​ថ្នាក់​ទី​១១-C បាន​ដួលសន្លប់​ខណៈពេល​គាត់​កំពុង​រៀន​នៅក្នុង​ថ្នាក់ ។ ភ្លាមៗ​នោះ មាន​សិស្ស​រៀន​ជាមួយគ្នា​បាន​មក​បីត្រកង​យក​ទៅ​មណ្ឌល​សុខភាព​បាក់​ចិញ្ជៀន ក្រោយ​ពី​ទៅ​ដល់​មណ្ឌល​សុខភាព​ក៏មាន​សិស្ស​បាន​ចូល​ទៅ​សួរសុខទុក្ខ ហើយក៏​មាន​សភាព​ដួលសន្លប់​តៗ​គ្នា​រហូតដល់​ទៅ​១២​នាក់ ក្នុងនោះ​មាន​សិស្ស​ប្រុស​ម្នាក់ ហើយ​សិស្ស​ទាំង​១២​នាក់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ ។​

​លោកនាយក​បាន​បន្តថា ក្នុងអំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៧ មាន​សិស្ស​ដួលសន្លប់​ចំនួន​១៥​នាក់​រួច​ម្តង​មក​ហើយៗ​មាន​អាការៈ​ទន់ដៃ ទន់​ជើង អស់កម្លាំង ដកដង្ហើម​ថប់ៗ​ដូច​ករណី​សិស្ស​ដួលសន្លប់​នៅ​ថ្ងៃ​កើតហេតុ​នេះ​ដែរ ហើយ​មាន​សិស្ស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​នាពេលនេះ ក៏​មាន​សិស្ស​មួយចំនួន​ធ្លាប់​ដួលសន្លប់​ដល់​ទៅ​ពីរដង​តែម្នាក់ឯង​រួចមកហើយ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​សិស្សសាលា​ថ្នាក់​ទី​១០​ម្នាក់​ឈ្មោះ គុជ កញ្ញា ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បាក់​ចិញ្ជៀន ឃុំ​បាក់​ចិញ្ជៀន ស្រុក​ភ្នំក្រវាញ បាន​បញ្ជាក់​ឱ្យដឹងថា ក្រោយពី​បាន​ឃើញ​មិត្តភក្តិ​របស់​ខ្លួន​ដួល​សន្លប់ ពួកគាត់​ក៏​នាំគ្នា​ទៅ​ដល់​មណ្ឌល​សុខភាព មួយសន្ទុះ​ក្រោយមក​ពួកគាត់​មាន​អាការៈ​ទន់ដៃ ទន់​ជើង ថប់ដង្ហើម អស់កម្លាំង​ដួល​ម្នាក់​ម្តងៗ រហូតដល់​សន្លប់​បាត់ស្មារតី​។​

​លោក​វេជ្ជបណ្ឌិត សៅ ហ៊ួ បានឱ្យដឹងថា ករណី​សិស្ស​ដួលសន្លប់​នៅ​សាលា​វិទ្យាល័យ​ហ៊ុន សែន បាក់​ចិញ្ជៀន​ចំនួន​១២​នាក់​នេះ គឺ​សិស្ស​ទាំងអស់​ហាក់ដូចជា​មាន​ការភិតភ័យ​ក្នុង​អារម្មណ៍ ដោយសារ​តែ​សិស្ស​គ្នា​គាត់​ម្នាក់​បាន​ដួលសន្លប់​មុន ហើយ​ពួកគាត់​ចូល​ទៅ​សួរសុខទុក្ខ ក៏​ដួល​សន្លប់​ម្នាក់​ម្តងៗ​តាម​សិស្ស​មុន ហើយ​សិស្ស​ដែល​ដួលសន្លប់​មិន​មាន​បញ្ហា​ពុល​ចំណីអាហារ ឬក៏​ជាតិគីមី​ទេ គឺ​ពាក់ព័ន្ធ​បញ្ហា​សុខភាព​របស់​សិស្ស​តែម្តង ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×