Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្ត​កំពង់ធំ លើកឡើង​ពី​សមិទ្ធផល​ដែល​សម្រេចបាន និង​បញ្ហា​ប្រឈម​វិស័យ​ដីធ្លី ព្រៃឈើ

​ខេត្ត​កំពង់ធំ​៖ អភិបាល​ខេត្ត​កំពង់ធំ បាន​អះអាង​ថា ទោះបីជា​សមិទ្ធផល​ដែល​សម្រេចបាន​មាន​ភាព​ល្អប្រសើរ​ហើយ​ក៏​ដោយ នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា វិស័យ​ដីធ្លី ព្រៃឈើ បរិស្ថាន ជលផល ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង វិស័យ​អគ្គិសនី ជាដើម​។

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ ដែល​មាន​រយៈពេល ២​ថ្ងៃ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ ។​

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ឡើងរាយការណ៍​ជូន សម្តេច​ក្រឡាហោម ស ខេង អំពី​លទ្ធផល​នៃ​អង្គ​សន្និបាត​ដែល​បាន​ធ្វើ​អស់​រយៈពេល​១​ថ្ងៃ​កន្លង​មក​ហើយ​នោះ ។ ក្នុងនោះ​យើង​បាន​រកឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន និង​បាន​ស្វែងរក​ដំណោះស្រាយ​នានា ព្រមទាំង​ទទួលបាន​នូវ​មេរៀន​បទពិសោធន៍​ល្អៗ ។ លោក​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ប្រកប​ដោយ​មោទនភាព ចំពោះ​លទ្ធផល​ការងារ​ដែល​សម្រេចបាន និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត ឆ្នាំ​២០១៨ ផងដែរ ។​

​លោក​បន្ថែម​ទៀត​ថា ទោះបីជា​សមិទ្ធផល​ដែល​យើង​សម្រេចបាន​មាន​ភាព​ល្អប្រសើរ​ហើយ​ក៏​ដោយ តាមរយៈ​បទ​អន្តរាគមន៍​របស់​មន្ទី​រ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត នៅ​មាន​បញ្ហា​មួយចំនួន​ដូចខាងក្រោម​៖ ១). វិស័យ​ដីធ្លី ២). វិស័យ​ព្រៃឈើ ៣). វិស័យ​បរិស្ថាន ៤). ជលផល ៥). ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង ៦). វិស័យ​អគ្គិសនី ។ ក្នុង​នោះ​ខេត្ត​បាន​រៀបចំ​កែលម្អ​សោ​ភណ្ឌ​ភាព​ក្រុង​ស្ទឹងសែន ពង្រឹង​យន្តការ​ច្រកចេញចូល​តែ​មួយ ដើម្បី​រួមចំណែក​ក្នុង​ការលើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ពង្រឹង​ការអនុវត្ត​អភិបាលកិច្ច​ល្អ និង​ការធ្វើអោយ​ប្រសើរ​ទ្បើង​នូវ​ប្រសិទ្ធភាព​ការងារ សំដៅ​កាត់បន្ថយ​ភាព​អសកម្ម​នានា ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​សុខុមាលភាព វិបុលភាព​របស់ ប្រជាពលរដ្ឋ ទូទាំង​ខេត្ត ។​

​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់​ទាំងអស់ ដែល​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង រួបរួមគ្នា​ខិតខំ​ធ្វើ​ការងារ​សម្រេច​បាន​ល្អប្រសើរ និង​សម្រេចបាន​កិច្ចការ​ធំៗ ដូចជា ការពង្រឹង​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ជាពិសេស​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ខិតខំ​ការពារ សុវត្ថិភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ។ ក្នុងនោះ​សម្តេច​ក្រឡាហោម បាន​ជំរុញ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ខិតខំ​បម្រើ​សេវា​សាធារណៈ​ឲ្យមាន​តម្លាភា​ព ប្រសិទ្ធភាព ឲ្យបាន​ទាន់​ពេលវេលា​ផង​ដែរ ។ សម្តេច​ក្រឡាហោម បន្ថែមទៀតថា ការធ្វើកំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃនេះ យើង​ទទួលបាន​ដំណើរការ​ល្អ សមស្រប​ទៅតាម​ស្ថានភាព​របស់​ប្រទេសជាតិ​បច្ចុប្បន្ន និង​មាន​ការគាំទ្រ​ពី​មន្ត្រីរាជការ ធ្វើឲ្យ​ការកែទម្រង់​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ធ្វើឲ្យ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ អាច​រក្សា​កំណើន​បាន ៧%​ក្នុង​មួយ​ឆ្នាំ ។​

​ម្យ៉ាងវិញទៀត ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​ពី​ឆ្នាំ​ចាស់ ត្រូវ​យកមក​ធ្វើ​បន្ត​ទៀត​នៅ​ឆ្នាំ​ថ្មី ដើម្បី​ដោះស្រាយ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។ ជាមួយគ្នា​នោះ​ដែរ សម្តេច​ក្រឡាហោម បាន​អំពាវ​នា​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ត្រូវ​ខិតខំ​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក ត្រូវ​ពង្រឹង​គណៈបញ្ជាការ​ឯកភាព​ឲ្យបាន​ល្អ ពង្រឹង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ជា​ពិសេស​ត្រូវ​លើកទឹកចិត្ត​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​ប្រជា​ការពារ ត្រូវ​មាន​ការសហការ​គ្នា និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×