បាត់ដំបង៖ ដំណាំផ្លែឈើជាច្រើនប្រភេទនិងទាក់ទាញវិស័យទេសចរណ៍នៅស្រុកសំឡូត បានធ្វើឲ្យពលរដ្ឋនាំគ្នាដាំដំណាំផ្លែឈើហូបផ្លែ ជាបន្តបន្ទាប់ជាច្រើនប្រភេទ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដែលចម្ការផ្លែឈើដ៏សម្បូរបែបទាំងអស់នេះ ក៏ជាទីតាំងទេសចរណ៍ដ៏ទាក់ទាញផងដែរ សម្រាប់ស្រុកសំឡូតដែលនៅជាប់នឹងព្រំដែនកម្ពុជា ថៃនេះ។
ស្រុកសំឡូតមានចម្ងាយប្រមាណ៨៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង មានព្រំប្រទល់ខាងជើងជាប់ខេត្តប៉ៃលិន និងស្រុករតនមណ្ឌល ខាងត្បូងជាប់ស្រុកវាលវែងខេត្តពោធិ៍សាត់ ខាងកើតជាប់ស្រុកគាស់ក្រឡ និងខាងលិចជាប់ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ។ ស្រុកសំឡូត គឺជាអតីតទីតាំងឈរជើងដ៏យូរឆ្នាំមួយ របស់កងទ័ពខ្មែរក្រហម ប្រឆាំងនឹងកងទ័ពរដ្ឋកម្ពុជា។ ស្រុកមួយនេះ សម្បូរគ្រាប់មីននិងយុទ្ធមិនទាន់ផ្ទុះទាំងក្នុងដី លើដី លើដើមឈើ និងក្នុងទឹកជាដើម ប៉ុន្តែត្រូវកងកម្លាំងស៊ីម៉ាក់ បាននិងកំពុងបោសសម្អាតរំដោះដីពីចម្ការមីនជាបន្តបន្ទាប់ ហើយពលរដ្ឋក៏មានឱកាសបង្កបង្កើននូវដំណាំកសិកម្មផ្សេងៗ។ មួយវិញទៀត កត្តាភូមិសាស្ត្រនៅស្រុកសំឡូតនេះ មានស្ទឹងធំៗនិងជាចរន្តខ្សែទឹកដ៏ធំ សម្រាប់ផ្គង់ផ្គង់ដល់ស្ទឹងសង្កែ ហើយថែមទាំងនៅជាប់អាងស្តុកដ៏ធំ ក្នុងខេត្តបាត់ដំបង គឺទំនប់ពហុបំណងសេកសក។ យ៉ាងណាក៏ដោយ ពលរដ្ឋនៅស្រុកសំឡូត ធ្វើដំណាំស្រូវតិចតួចបំផុត ព្រោះស្រុកមួយនេះ សម្បូរទៅដោយភ្នំ ប៉ុន្តែដីហាក់មានអំណោយផលល្អ ដល់ដំណាំឧស្សាហកម្ម ដំណាំរួមផ្សំ បន្លែ ពិសេសដំណាំផ្លែឈើហូបផ្លែតែម្ដង។
បើតាមលោក សើ សាម៉េត អភិបាលស្រុកសំឡូត បានមានប្រសាសន៍លើកឡើងថា នៅក្នុងស្រុកសំឡូតមាន ដំណាំផ្លែឈើកំពុងលេចធ្លោរជាងគេ មានដូចជាដំណាំធូរេន ដំណាំតាង៉ែនឬមៀនប៉ៃលិន ដំណាំក្រូចពោធិ៍សាត់ ដំណាំសាវម៉ៅនិងដំណាំម្នាស់ជាដើម ដែលចម្ការផ្លែឈើទាំងអស់នេះ សរុបមានផ្ទៃដីប្រមាណជិត ២០០០ហិកតា ដោយផលដំណាំទាំងនោះ អាចនាំចេញទៅក្រុងបាត់ដំបង រាជធានីភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួនទៀត។ ពាក់ព័ន្ធនឹងការដាំដំណាំផ្លែឈើហូបផ្លែនេះ កន្លងមក អាជ្ញាធរស្រុក បានស្នើសុំអ្នកជំនាញរបស់ខេត្តត្រាត នៃប្រទេសថៃ ក៏ដូចជា អ្នកជំនាញផ្សេងៗ មកជួយបង្រៀន ដល់កសិករក្នុងស្រុកសំឡូត ពីបច្ចេកទេសដាំទុរេន ដាំសាវម៉ាវ ផ្លែឈើមួយចំនួនទៀត ពីរបៀបថែទាំ ដាក់ថ្នាំបង្ការឬការព្យាបាលជំងឺផ្សេងៗ ដើម្បីកុំងាប់ដើមនិងទទួលបានទិន្នផលល្អ ពេលវាឲ្យផល។
លោក ថាក់ លីលីន រស់នៅភូមិកន្ទួត ឃុំសំឡូត បាននិយាយប្រាប់ថា ក្រៅពីរបរធ្វើគ្រូបង្រៀន គាត់ដាំដំណាំទុរេន ដោយដំ
ណាំប្រភេទនេះ ពិបាកក្នុងការដាំនិងពិបាកថែទាំក៏ពិតមែន ប៉ុន្តែនៅពេលវាឲ្យផល សាក់សមនឹងការចំណាយថវិកានិងពេលវេលាដាំដុះ ព្រោះវាលក់បានតម្លៃខ្ពស់ ហើយចម្ការទុរេនរបស់គាត់ដល់ពេលរដូវប្រមូលផលម្ដងៗ មានអ្នកចូលដើរលេងលម្ហែរក្នុងចម្ការរៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្ដាហ៍។ ពេលត្រឡប់ទៅវិញ ពួកគេក៏នាំគ្នាទិញផ្លែទុរេនទៅហូបតិច ឬច្រើនគ្រប់ៗគ្នា។ ទុរេនរបស់គាត់មានអាយុចាប់ពី ៣ឆ្នាំទៅជាង១០ឆ្នាំ សរុបមានប្រហែលជិត ៧០០ដើម ដែលដាំលើផ្ទៃដី៤ហិកតា ដោយវាឲ្យផលតិចច្រើនតាមអាយុកាល តែបើមានអាយុកាន់តែច្រើនអាចប្រមូលផលបានចាប់ពី៣០ទៅ១០០គីឡូក្រាម ហើយរកប្រាក់ចំណូលចូលគ្រួសារឲ្យបានគួរសមផងដែរ។
អ្នកស្រី ឆេ សុខឡា រស់នៅភូមិកន្ទួត ឃុំសំឡូតដែរ បានប្រាប់ថា គ្រួសាររបស់គាត់ ក្រៅពីដាំទុរេនក៏មានដាំសាវម៉ៅ ដោយសាវម៉ៅស្រួលដាំជាងទុរេន ព្រោះត្រឹមរយៈពេល៣ឆ្នាំ អាចប្រមូលផលបានបណ្ដើរៗហើយ។ ចាប់ផ្ដើមផ្លែសាវម៉ៅទុំអាចបេះបាន ដោយតម្លៃនៅឆ្នាំនេះ ចាប់ផ្ដើមដំបូងមួយគីឡូក្រាមបាន៨០០០រៀល និងបច្ចុប្បន្នធ្លាក់មកត្រឹម៦០០០រៀល ខណៈរាល់ឆ្នាំបានតម្លៃតែ៦០០០រៀលទេ ។
ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ ហេង រ៉ន រស់នៅភូមិកន្ទួត ឃុំសំឡូតដែរ បានប្រាប់ឲ្យដឹងថា គ្រួសារគាត់មានដាំម្នាស់ទឹកឃ្មុំ ដោយម្នាស់នេះបើដាំកូនត្រឹម ៦ខែ អាចចេញផ្លែបាន ប៉ុន្តែបើដាំក្បាលវារយៈពេល ២ឆ្នាំ ទើបមានផ្លែចេញ ដែលក្នុងមួយផ្លែមានទម្ងន់ចាប់ពី ១គីឡូក្រាម ទៅជាង៣គីឡូក្រាម ហើយតម្លៃវិញក្នុង១គីឡូក្រាម អាចលក់បាន២៥០០រៀល ។
គួរបញ្ជាក់ផងដែរថា ក្រៅពីដំណាំហូបផ្លែដូចរៀបរាប់ខាងលើ នៅស្រុកសំឡូតក៏មានដំណាំជាច្រើនទៀត ដូចជាម្រេច ដំឡូងមី ពោតក្រហម សណ្ដែកសៀង សណ្ដែកដី ស្វាយកែវរមៀត អំពៅ ល្ង ដំឡូងជ្វា កៅស៊ូជាដើម ហើយក៏មានពលរដ្ឋ ដាំដំណាំឆៃថាវ ជាច្រើនហិកតាផងដែរ។ ស្រុកសំឡូត មិនត្រឹមតែមានសក្ដានុពល នៃវិស័យកសិកម្មប៉ុណ្ណោះទេ ស្រុកមួយនេះសម្រាប់វិស័យទេសចរណ៍ក៏មានសក្ដានុពលផងដែរ ព្រោះមានទីតាំងទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើនកន្លែង ក្នុងនោះមានទឹកជ្រោះអូរជាំ ស្ទឹងគ្រញូង ទឹកធ្លាក់ចម្ការស្វាយ ទឹកធ្លាក់ច្រកតំបន់ទិស៤០០ នៅជាប់នឹងព្រំដែនប្រទេសថៃ និងភ្នំដំបងជាដើម ដែលវិស័យទាំងនេះ គួបផ្សំនឹងផ្លូវធ្វើដំណើរទៅស្រួលជាងមុនផងនោះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ៕
ដោយ៖អ៊ុងសារុំ