ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញទទួលថវិកាមនុស្សធម៌ ពីសប្បុរសជន ក្នុងឱកាសខួបលើក ទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងអំណរគុណការចំពោះវិភាគទានពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តស្វាយរៀង។
លោកជំទាវក៏បានបន្តទៀតថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជនក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ បានជួយឱ្យសាខាអាចធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយ សង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សានានានៅ ក្នុងខេត្តស្វាយរៀង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បី ទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តស្វាយរៀង៕
ដោយ៖សហការីCEN