Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​តម្រូវ​ឲ្យ​អាជីវកម្ម​ទេសចរណ៍​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​ថ្មី​ជា​ចាំបាច់ ដើម្បី​ទទួលបាន​អាជ្ញា​បណ្ណ​ទេសចរណ៍

ភ្នំពេញ​៖ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍​បានប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​ថ្មីៗ​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ ដែល​កំពុង​ធ្វើ​សកម្មភាព រួមមាន​៖ អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ អាជីវកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវទឹក​។​

​ដើម្បីឱ្យ​ការអនុវត្ត​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ នា​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍​បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​ស្ដីពី បទដ្ឋាន​គតិយុត្ត​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ខាងលើនេះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​ថ្មីៗ​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ ខាងលើ គឺ​ត្រូវ​ផ្សព្វផ្សាយ​បញ្ជ្រាប​ឱ្យមាន​ការអនុវត្ត​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ស្នើសុំ​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ក្រុមការងារ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដែលមាន​អភិបាល ឬ​អភិបាលរង​រាជធានី​-​ខេត្ត​ជា​ប្រធាន ប្រធាន​មន្ទីរ​ទេសចរណ៍​ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​លេខាធិការដ្ឋាន ដោយមាន​សមាជិក​ពី​អង្គភាព​ពាក់ព័ន្ធ និង​លើកទឹកចិត្ត​ឱ្យមាន​ក្រុមការងារ​នេះ​ដល់​ថ្នាក់មូលដ្ឋាន​។​

​ម្យ៉ាងទៀត ក្រុមការងារ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នេះ ត្រូវ​ចុះ​ណែនាំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម និង​ត្រូវ​រាយការណ៍​ជាប្រចាំ ពិសេស​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ និង​ទេសចរ បុគ្គល​បម្រើការ​នៅតាម​គោលដៅ​ទេសចរណ៍​នីមួយៗ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែលជា​ដៃគូ​សហការ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​។​

​ចំណែក​ក្រសួងទេសចរណ៍​ក៏មាន​ក្រុមការងារ សម្រាប់​ការងារ​តាមដាន​លើ​ការងារ​នេះ​ផងដែរ ដើម្បី​តាមដាន​ការរាយការណ៍​ពី​ថ្នាក់ក្រោម​ជាតិ ព្រោះ​បើ​គ្មាន​ការត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ទេ កិច្ចការងារ​នេះ​អាច​នឹង​ជួប​ហានិភ័យ​នៅ​ថ្ងៃ​អនាគត​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ចង់ឱ្យ​អាជីវកម្ម​ទេសចរណ៍​ទាំង ៤ ធំៗ​ខាងលើ​អាចធ្វើ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​បាន​ផង ហើយ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ប្រកបដោយ​ប្រសិទ្ធភាព​បាន​ផង​។ នៅពេល​មាន​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​កម្សាន្ត​នៅតាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ឬ​សហគមន៍​អេកូ​ទេសចរណ៍​នានា តែងតែ​ត្រូវការ​សេវាកម្ម​ធ្វើដំណើរ សេវាកម្ម​ម្ហូបអាហារ សេវាកម្ម​ស្នាក់នៅ និង​សេវាកម្ម​បន្ទាប់បន្សំ​នានា​ជាដើម​ទៀត​នៅតាម​រមណីយដ្ឋាន សហគមន៍​-​អេកូ​ទេសចរណ៍​។

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​​ទេសចរណ៍​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ​មូលដ្ឋាន​អាជីវក​ម្មណា​អនុវត្តតាម​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​សម្រាប់​អាជីវកម្ម​របស់ខ្លួន ក្រសួង​​ទេសចរណ៍​នឹង​ប្រគល់ជូន​នូវ​បណ្ណ​បញ្ជាក់​គុណភាព​សុវត្ថិភាព ទេសចរណ៍​ឬ​ហៅថា Label សម្រាប់​បិទ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ទីតាំង​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​»​។​

​បើតាម​ឯកឧត្ដម​បណ្ឌិត ថោង ខុន បច្ចុប្បន្ន​ចលនា​ភ្ញៀវទេសចរ​ក្នុងស្រុក​មានការ​ងើប​​ឡើងវិញ​គួរ​ឱ្យកត់​សម្គាល់ ប៉ុន្តែ​ទាំងអស់គ្នា​មិនត្រូវ​ភ្លេចខ្លួន​ចំពោះ​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​នេះឡើយ ពោលគឺ​ត្រូវ​បន្ត​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នេះ​ត​ទៅមុខទៀត ព្រោះ​គ្មាន​អ្នកណា​ស្មាន​ត្រូវ​នោះទេ ហើយក៏​ពុំទាន់​មាន​វាក់​សាំង​សម្រាប់​បង្ការ​នៅឡើយ​ដែរ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ថ្លែងបន្ត​ទៀតថា «​នៅពេល​យើង​អនុវត្តតាម​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​ទាំងនេះ​បាន​ត្រឹមត្រូវ និង​ទទួលបាន​ក្ដី​ទុកចិត្ត​ពី​សំណាក់​ភ្ញៀវទេសចរ​ក្នុងស្រុក វា​ក៏​ជា​សញ្ញាណ​សុវត្ថិភាព​ពិសេស (Label) មួយ​បង្ហាញ​ប្រាប់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឱ្យមាន​ការជឿជាក់​លើ​សុវត្ថិភាព​របស់​គោលដៅ​ទេសចរណ៍​យើង ដែលមាន​ការយកចិត្ត​ទុកដាក់​ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​ភ្ញៀវទេសចរ ជាហេតុ​ជំរុញ​ឱ្យ​ពួកគេ​ចាប់អារម្មណ៍​ចំពោះ​គោលដៅ​កម្ពុជា ហើយ​នៅពេល​ចប់​វិបត្តិ​កូ​វីដ​ទៅ នោះ​គោលដៅ​ទេសចរណ៍​កម្ពុជា​យើង​នឹង​ទទួលបាន​វត្តមាន​ភ្ញៀវ​បរទេស​ច្រើន​»៕

ដោយ​៖​កូ​ឡាប​