លោក វេង សាខុន រដ្ឋមន្ត្រី កសិកម្មបានថ្លែងថា លទ្ធផល នៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាននិន្នាកាកើនឡើងជាលំដាប់។ យ៉ាងណាមិញ ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០.៨៥២ តោន។
ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១.០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១.៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១.៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥.៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥.៥១៣ តោន។ ដោយឡែក ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០.៨៥២ តោន ។
ប៉ុន្តែលោករដ្ឋមន្ត្រីថា ការនាំពោតក្រហមចេញពីកម្ពុជា ទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងក្រៅតំបន់អាស៊ី ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ បានបង្ហាញឲ្យឃើញថា មាននិន្នាការថយចុះយ៉ាងគំហុក ជាក់ស្តែងនៅឆ្នាំ២០១៨ កម្ពុជាសម្រេចបានការនាំចេញពោតក្រហមបាន ២០៤.១៨៤ តោន, នៅឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ១១៩.៩៩៣ តោន ហើយជាពិសេសការនាំចេញពោតក្រហមរបស់កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបានត្រឹមតែ ៣៥.៦៣៦ តោន ថយចុះប្រមាណ ១៥.០៤៣ តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០.៦៧៩ តោន ។
ទន្ទឹមនឹងនេះ ការផលិតពោតក្រហមរបស់កសិករកម្ពុជា មានការកើនឡើងជាលំដាប់ ក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ គឺសម្រេចបាន ១.១១៤.៩៥៦ តោន នៅឆ្នាំ២០១៩, សម្រេចបាន ១.០៦៣.៦៧៧ តោន នៅឆ្នាំ២០១៨, សម្រេចបាន ៥៩៦.១១២ តោន នៅឆ្នាំ២០១៧ និង ៣៣៣.០៥៨ តោន នៅឆ្នាំ២០១៦ ។ លទ្ធផលខាងលើគឺនេះបានបង្ហាញនូវក្តីមោទនភាពជាតិ និងជាការពេញចិត្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលទៅវិញ បើទោះបីបានឃើញតួលេខនាំចេញពោតក្រហម មានការថយចុះក្នុងរយៈពេលជាងមួយនេះ ព្រោះប្រាកដណាស់ថា បរិមាណពោតក្រហមដែលសល់ពីការនាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកចូលទៅកាន់រោងចក្រកែច្នៃចំណីសត្វក្នុងស្រុក ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកែច្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការដំឡើងពន្ធនាំចូលពោតក្រហម ពីខាងក្រៅមកកែច្នៃនៅកម្ពុជា ៕
ដោយ៖សម្ផស្ស