តាកែវ៖ ថ្លែងនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាខេត្តតាកែវ នៅរសៀលថ្ងៃសុក្រ ថ្ងៃទី ២៦ មករា ២០១៨ នៅសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានជំរុញអោយលោក ឡោ វីរិទ្ធិ ដែលទើបតែត្រូវតែងតាំងជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តថ្មី ត្រូវកោះហៅមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន មកធ្វើការប្រជុំពង្រឹងលើការងាររដ្ឋបាលរបស់ខ្លួនឡើងវិញ ជាពិសេសពង្រឹងលើការសាម្គីភាពផ្ទៃក្នុងអោយបានល្អ និងត្រូវពិនិត្យមើលឡើងវិញចំពោះវត្តមានរបស់គ្រូបង្រៀន នៅគ្រប់សាលាទាំងអស់ នៅក្នុងខេត្ត ។
ពាក់ព័ន្ធជាមួយនិងទំនស់រកាំរកុសរបស់មន្ត្រីអប់រំយុវជន និងកីឡាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បានអោយមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បង្កើតកន្លែងទទួលពត័មាន ដោយបើកជាលេខទូរស័ព្ទ ពីរប្រព័ន្ធផ្សេងគ្នា ដើម្បីរងចាំទទួលពត័មាន ពីមន្ត្រីអប់រំ ឬលោកគ្រូអ្នកគ្រូដែលមានបញ្ហាផ្ទៃក្នុង រឺបញ្ហាផ្សេងៗនោះ ដើម្បីជាមតិយោបល់ក្នុងការរៀបចំដោះស្រាយបញ្ហាជួនពួកគាត់ ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញអោយនាយកសាលារៀនទាំងអស់ត្រូវពិនិត្យឡើងវិញនៅបរិស្ថានជំវិញសាលារៀនរបស់ខ្លួន អោយមានសោភ័ណ្ឌភាព មិនត្រូវទុកទីធ្លាសាលារបស់ខ្លួនក្លាយទៅជាកន្លែងទីធ្លាទុកសម្រាម និងគ្មានសោភ័ណ្ឌភាពនោះទេ ដូច្នេះត្រឡប់ទៅវិញសូមលោកនាយកគ្រប់សាលាទាំងអស់ត្រូវរៀបចំអោយបានល្អស្អាតឡើងវិញ ព្រោះនៅថ្ងៃណាមួយរូបលោកនិងចុះទៅដល់សាលានោះដោយមិនជូនជាតំណឹងមុនឡើយ៕ តាកែវ