អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសក្មេងៗបានលាន់មាត់សរសើរគ្រប់ៗគ្នា ទៅនឹងវីដេអូកំពុងល្បីថ្មីមួយ ដែលបង្ហាញពីសកម្មភាពលោកយាយម្នាក់ បានឡើងបង្ហើរបទចម្រៀងយ៉ាងពីរោះរណ្តំចិត្ត មិនចាញ់ម្ចាស់បទដើមនោះទេ ហើយបើនិយាយពីសំឡេងវិញ ស្តាប់ច្រឡំក្មេង១៨ឆ្នាំតែម្តង។
ការឡើងបកស្រាយបទចម្រៀងដ៏មិននឹកស្មាននេះ ពីលោកយាយដែលមានវ័យប្រហែល ៧០ ឆ្នាំប្លាយទៅហើយ គឺត្រូវបានធ្វើឡើងនៅក្នុងកម្មពិធីឆ្លងសាលប្រជុំមួយ ស្ថិតក្នុងវត្តសំរោងអណ្តែត កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលលោកយាយឡើងបញ្ចេញសមត្ថភាពដ៏អស្ចារ្យ ព្រោះថា កាលពីឆ្នាំកន្លងមក គេក៏ធ្លាប់បានឃើញលោកយាយម្នាក់នេះ ឡើងច្រៀងម្តងរួចមកហើយ បើគេនៅចាំមិនភ្លេច គឺនៅក្នុងកម្មពិធីបុណ្យកឋិន ស្ថិតនៅក្នុងវត្តសំរោងអណ្តែតដដែលផងដែរ។
ទន្ទឹមនេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងនូវការកោតសរសើរថា បើទោះជាលោកយាយមានវ័យចំណាស់នេះទៅហើយក្តី តែលោកយាយនៅតែរឹងមាំ និងពិសេសគឺនៅតែអាចរក្សាសំឡេងបានយ៉ាងល្អ៕
ដោយ៖ លឹម ហុង