យន្តហោះចំបាំងចិនជាច្រើនគ្រឿង បានហោះចូលក្នុងដែនអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បណ្តាលឲ្យតៃវ៉ាន់រៀបចំយន្តហោះចំបាំងរបស់ខ្លួន ធ្វើការឆ្លើយតប ហើយនៅថ្ងៃដដែលនេះ តៃវ៉ាន់បានប្រកាសពីគម្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានធ្វើការផ្សព្វផ្សាយពីការព្រមាន និងបានចាត់វិធានការឆ្លើយតបយ៉ាងសកម្ម ដើម្បីបណ្តេញយន្តហោះចំបាំងចិនប្រភេទ Su-30 ជាច្រើនគ្រឿងទៅភាគនិរតី។
ការលុកលុយពីភាគីចិនបានកើតឡើង ខណៈដែលក្រសួងបានធ្វើការប្រកាសថា សមយុទ្ធទ្រងទ្រាយធំឈ្មោះ Han Kuang នឹងត្រូវធ្វើឡើងនៅខែក្រោយ រួមមានលំហាត់ដើម្បីប្រឆាំងនឹងកម្លាំងចុះចតនៅលើកោះ។
ចិនបានបង្កើនការហោះហើរយន្តហោះ និងបើកនាវាចំបាំងឆ្លងកាត់ នៅក្បែរកោះតៃវ៉ាន់ ឬតាមរយៈច្រកសមុទ្រតៃវ៉ាន់ ចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានជាប់ឆ្នោតក្នុងឆ្នាំ ២០១៦។ ស្ត្រីខ្លាំងរបស់តៃវ៉ាន់រូបនោះ បានបដិសេធទទួលស្គាល់ថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។
សូមបញ្ជាក់ថា ប៉េកាំងអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ខ្លួន និងបានប្រកាសថានឹងប្រើប្រាស់កម្លាំងទ័ពក្នុងស្ថានភាពចាំបាច់ ដើម្បីវាយយកតៃវ៉ាន់មកគ្រប់គ្រងវិញ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP