ភ្នំពេញ៖ ដើមឈើជាជីវិតរបស់មនុស្ស ដោយសារដើមឈើបានបញ្ចេញឧស្ម័នអុកស៊ីហ្សែនសម្រាប់មនុស្សជារៀងរាល់ថ្ងៃ ដូច្នេះហើយទើបរដ្ឋបាលររាជធានីភ្នំពេញបានដាក់ចេញជាគម្រោង ដើម្បីដាំដើមឈើអោយបានច្រើននៅក្នុងរាជធានី ។ ដើម្បីអោយគម្រោងនេះទទួលបានផ្លែផ្កា កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ការដាំដើមឈើក្នុងទីក្រុង គឺជាការលើកកម្ពស់សោភណភាពទីក្រុងផង និងជាការរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផង ដូច្នេះទាំងការងារបច្ចេកទេស និងការដាំដើមឈើ ត្រូវដាំនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២៩ធ្នូ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានឯកភាពអោយមានការដាំដើមឈើអោយក្លាយជាទីក្រុងមានពណ៏បៃតង ពិសេសការដាំដើមឈើជាច្រើនប្រភេទនៅតាមបណ្តោយផ្លូវR1 (ផ្លូវក្នុងតំបន់អភិវឌ្ឃបឹងកក់ចាប់ពីផ្លូវសហព័ន្ធរុស្សី ដល់ផ្លូវ៧០ទំនប់ទួលគោក) ហើយការងារនេះ កាលណោះលោកអភិបាលរាជធានីបានជម្រុញអោយក្រុមហ៊ុនស៊ូកាគូអ៊ីន ដាំដើមឈើអោយបានរួចរាល់នៅក្នុងរដូវប្រាំងនេះ ។
ពាក់ព័ន្ធនឹងការដាំកូនឈើនេះដែរ ក្នុងកិច្ខប្រជុំកាលណោះ លោកឃួង ស្រេង ក៏បានជម្រុញអោយមានការដាំព្រៃឈើលិចទឹកនៅបឹងតាមោកផងដែរ ដោយលោកអភិបាលបានបញ្ជាក់ថា គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាំព្រៃឈើលិចទឹកនៅបឹងតាមោក ចំនួន៥០០ហិកតា ដើម្បីរក្សាជាបឹងបៃតងនិងកាត់បន្ថយជាតិពុលនៅក្នុងបឹង ហើយគម្រោងនេះជាជំហានតំបូង យើងដាំត្រឹមតែ១០០ហិកតាសិន ហើយគម្រោងនេះនឹងចាប់ផ្តើមនារដូវប្រាំងនេះហើយ ហើយដើមឈើដែលគ្រោងនឹងយកមកដាំក្នុងទឹកនេះ មានដូចជា ដើមឬស្សី ដើមប្រស់ ដើមរាំងទឹក ដើមថ្កូវ ដើមសណ្តាន់ជាដើម។លើគម្រោងនេះដែរ ក្នុងកិច្ចប្រជុំកាលណោះលោកឃួង ស្រេងក៏បានជម្រុញអោយមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសខាងBAU (ការិយាល័យរៀបចំក្រុង)មន្ទីរកសិកម្មរាជធានី សិក្សាអោយបានច្បាស់លាស់ ជៀសវាងការយកដើមឈើ មកដាំក្នុងទឹកនេះមិនទទួលបានផល ដោយហេតុថា ទឹកដែលយើងត្រូវយកដើមឈើលិចទឹកមកដាំនេះ វាជាទឹកមានជាតិប្រៃនិងស្អុយ វាខុសពីទឹកធម្មជាតិ៕ ដោយ៖កូឡាប