ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក អគ្គនាយករងអង្គភាព អគ្គស្នងការរង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការងារកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាអង្គភាពរដ្ឋបាលថ្នាក់កណ្ដាលដ៏មានសារសំខាន់។ សម្ដេចបានបន្តថាថ្វីដ្បិតជាលើកទី១ ដែលក្រសួងបានរៀបចំឱ្យមានការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ ដែលផែនការដំបូងនេះអាចនឹងរៀបចំមិនបានល្អ១០០ភាគរយ ប៉ុន្តែផែនការនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពនាឆ្នាំបន្តបន្ទាប់ទៀត។
សម្ដេចក្រឡាហោម បានលើកឡើងថា ផែនការសកម្មភាពនេះជាផ្នែកសំខាន់មួយ នៃការខិតខំប្រឹងប្រែងក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្ថាប័នថ្នាក់កណ្ដាលបានដើរតួនាទីសំខាន់ ហើយប្រសិនបើរដ្ឋបាលមានភាពរឹងមាំបានន័យថាសកម្មភាពទាំងអស់ និងការបម្រើសេវាកម្មដល់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។ សម្ដេចបានលើកឡើងបន្តថា ការធ្វើផែនការលើកដំបូង មិនទាមទារភាពល្អឥតខ្ចោះឡើយ ប៉ុន្តែដើម្បីប្រមូល ស្វែងរកបញ្ហាផ្សេងៗ យកមកពិភាក្សា និងបន្តបែងចែកការងារនានា។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថាផែនការសកម្មភាពនេះត្រូវបានរៀបចំ និងដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល ចំនួន២លើក និងបានដាក់ឆ្លងកិច្ចប្រជុំ ក្រោមការដឹកនាំរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កន្លងមក។ ឯកឧត្តម បានបន្ថែមថា ផែនការសកម្មភាពនេះជាផែនទីដ៏ជាក់លាក់មួយក្នុងការអនុវត្តសកម្មភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងផ្ដោតសំខាន់ទៅលើការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវមុខងារដែលបានប្រគល់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមូលដ្ឋាន និងការលើកកម្ពស់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តដែលបានកំណត់។
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម ប្រាក់ សំអឿន បានធ្វើរបាយការណ៍ជូនសម្ដេច ព្រមទាំងអង្គប្រជុំ ដោយបានរំលឹកថា អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តរយៈពេល៥ឆ្នាំ(២០១៩-២០២៣) ប៉ុន្តែដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការនេះ និងឆ្លើយតបតាមអនុសាសន៍របស់សម្ដេចក្រឡាហោមក្នុងឱកាសបិទសន្និបាតក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាលក៏បានរៀបចំផែនការសកម្មភាពឆ្នាំ២០២០ដូចអង្គភាពផ្សេងទៀតដែរ។
ឯកឧត្តមអគ្គនាយកបានបន្តថា ផែនការសកម្មភាពនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវា និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
គួរជម្រាបជូនថា ផែនការសកម្មភាពអនុវត្តឆ្នាំ២០២០ គឺជាឧបករណ៍សម្រាប់អនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងជាវិធានការ ក៏ដូចជាដំណោះស្រាយ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនានា។ ផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕
ដោយ៖កូឡាប