ស្ទឹងត្រែង ៖ សមត្ថកិច្ចនគរបាលបីខេត្ត បានសហការ បង្ក្រាបមុខសញ្ញាជនសង្ស័យបីនាក់ ពាក់ព័ន្ធករណីលួចប្រាក់តាមវីង និងទ្រូម៉ាន់នី។ ករណីនេះកើតឡើងនៅខេត្តមណ្ឌលគិរី ប៉ុន្តែតាមចាប់បាននៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
តាមព័ត៌មានបានឲ្យដឹងថា កម្លាំងនាយកដ្ឋានគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចំនួន ៣នាក់ ករណីលួចលុយតាមទូប្តូរប្រាក់។ ក្រុមនេះបានប្រើរូបភាពបន្លំជាក្រុម។ អ្នកខ្លះធ្វើជាដូរប្រាក់ ឬក៏អ្នកខ្លះធ្វើជាទិញនេះទិញនោះ។ ប្រើវិធីនិយាយជាម្ចាស់ ដើម្បីមានឱកាសលួចជាដើម។
ជាដំបូងនគរបាលស្រាវជ្រាវ និងឈានដល់មានការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពលួចលុយ ពីកន្លែងទូប្តូរប្រាក់វីង និងទ្រូម៉ាន់នី នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ជនសង្ស័យធ្វើសកម្មភាព នៅខេត្តមណ្ឌលគិរី មកក៏ត្រូវបានកម្លាំងជំនាញ តាមមុខសញ្ញារហូតចាប់បានជនសង្ស័យ ចំនួន៣នាក់ នៅផ្លូវជាតិលេខ៧៨ ភូមិវាលរំពេរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមរបាយការណ៍នគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ១ ឈ្មោះ ហ៊ូ ណាវិន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិវាលពោធិ៍ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ២ ឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ៣ ឈ្មោះ លោត ឃុន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្រោយឃាត់ខ្លួនជនសង្ស័យបីនាក់ និងវត្ថុតាង ម៉ូតូ៣គ្រឿង បានប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវស៊ើបអង្កេតបន្ត និងបានបញ្ជូនទៅកាន់ខេត្តមណ្ឌលគិរីកន្លែងកើតហេតុ៕
ដោយ ៖ សុខុម