Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​តួ​គី​ចប់​អាណត្តិ ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​សភា​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​

spot_img

​លោក អ៊ីលហាន កេម៉ាល់ តា​គ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​តួ​គី ដែល​ត្រូវបាន​ចប់​អាណត្តិ​ពី​កម្ពុជា បាន​លើកឡើង​ថា​ចំណង​ការទូត និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា និង​តួ​គី មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ នៅក្នុង​រយៈពេល បេសកកម្ម​ការទូត​៤​ឆ្នាំ របស់​ឯកឧត្តម​នៅ​កម្ពុជា​។​

​រយៈពេល​៤​ឆ្នាំ​មកនេះ ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ពីគ្នា​ទៅវិញទៅមក ពិសេស​ដំណើរ​ទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កម្ពុជា ទៅកាន់​ប្រទេស​តួ​គី​កាលពី​ពេល​ថ្មីៗ​នេះ​។ ទន្ទឹម​នឹង​ចំណង​ការទូត កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​រីកចម្រើន លោក អ៊ីលហាន កេម៉ាល់ តា​គ ក៏​ចង់​ឃើញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សភា​ប្រទេស​ទាំង​ពីរ​មាន​ការរីកចម្រើន និង​រឹងមាំ​ថែមទៀត​ផង​ដែរ​។​

​នៅក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា​សម្តេច​ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា នៅ​មុនពេល ដែល លោក ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​ពី​កម្ពុជា​នោះ​។ លោក អី​ុ​លហាន កេម៉ាល់ តា​គ បាន​ស្នើសុំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​សភា​ប្រទេស​កម្ពុជា និង​តួ​គី ឲ្យមាន​ការរីកចម្រើន​ឡើង ពិសេស​សុំឲ្យ​មាន​ការផ្លាស់ប្តូរ​បទពិសោ​ធន៍​គ្នា​ទៅវិញទៅមក រវាង​ក្រុម​មិត្តភាព​សភា​ប្រទេស​ទាំង​ពីរ​។​

​លោក អី​ុ​លហាន កេម៉ាល់ តា​គ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ដល់​បេសកកម្ម​ការទូត​របស់​ឯកឧត្តម ឲ្យទទួល​បាន​ជោគជ័យ​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​ត្រូវ​ចប់​អាណត្តិ បាន​ជម្រាប​សម្តេច ប្រធាន​រដ្ឋសភា​ថា នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ចូល​ជម្រាបលា​សម្តេច​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សម្តេច នាយករដ្ឋមន្ត្រី បាន​ជម្រាប​ឯកឧត្តម​ថា សម្តេច​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​គី នាពេល​ខាងមុខ​នេះ​។​

“​យើងខ្ញុំ​រង់ចាំ និង​ត្រៀម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច ហ៊ុន សែន នៅ​ប្រទេស​តួ​គី​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ធ្វើឲ្យ កិច្ចសហប្រតិបត្តិការ និង​ចំណង​ការទូត​កម្ពុជា តួ​គី​កាន់តែ​រឹងមាំ​ឡើង​” នេះ​ជា​ការលើកឡើង​របស់ លោក អី​ុ​លហាន កេម៉ាល់ តា​គ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋ​សភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ដែល​បាន​រួមចំណែក​លើកកម្ពស់​នៅក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​នយោបាយ​ការបរទេស កាន់តែ​ប្រសើរ​ឡើង​។ សម្តេច​បាន​គូសបញ្ជាក់ថា រដ្ឋ​សភា​កម្ពុជា​សូម​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​រួមគ្នា និង​សូម​ជំរុញ​ឲ្យ​បន្ត​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​ថែម​ទៀត ជាពិសេស​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដើម្បី​ឧត្តមប្រយោជន៍ ប្រជាជាតិ​ទាំងសងខាង ។​

​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើង​ថា សម្តេច​នឹង​ខំ​ជំរុញ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សភា​ប្រទេស​ទាំងពីរ ឲ្យមាន​ការរីកចម្រើន​ឡើង​។ កន្លងមក ទោះបី​មិនទាន់​មាន​ការផ្លាស់ប្តូរ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រវាង​រដ្ឋ​សភា​កម្ពុជា និង​តួ​គី​មែន តែ​សភា​ប្រទេស​ទាំង​ពីរ បាន​ចូលរួម សហការគ្នា នៅក្នុង​ក្របខណ្ឌ​សភា​តំបន់​អាស៊ី​(APA)​។ សម្តេច​បាន​លើកឡើង​ថា កន្លង​មក​សមាជិក​សភា​តួ​គី បាន​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត សភា​តំបន់​អាស៊ី (APA) នៅ​កម្ពុជា ហើយ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល ក៏​បាន​ទៅ​ចូលរួម​មហា​សន្និបាតសភា​តំបន់​អាស៊ី នៅ​ប្រទេស​តួ​គី ផងដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទោះបី​ឯកអគ្គរដ្ឋទូត បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ហើយ​ទៅ​បំពេញ​តួនាទី​ថ្មី​នៅក្នុង ស្ថាប័ន​ណាមួយ​ក៏ដោយ ឯកឧត្តម​នឹង​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។ សម្តេច​បាន​ជូនពរ ឯកឧត្តម អី​ុ​លហាន កេម៉ាល់ តា​គ មាន សុខភាព​ល្អ និង​និវត្តន៍​ទៅ​កាន់​មាតុប្រទេស​វិញ​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​បន្ត​បន្ទាប់​ទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×