កំពង់ឆ្នាំង៖គ្រោះថ្នាក់ដែលទាក់ទងទៅនឹងយុទ្ធភ័ណ្ធមិនទាន់ផ្ទុះ និងគ្រាប់មីន នៅតែបន្តបង្ករគ្រោះថ្នាក់មកលើពលរដ្ឋកម្ពុជាដដែល ខណៈរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅលើទឹកដីរបស់ខ្លួន។
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនក្រុមERWI លោក ស៊ី បាតាគីយូ ប្រធានអង្គការ JMAS ជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា អង្គការJMAS ជប៉ុន បានសហការល្អជាមួយCMACកម្ពុជាដើម្បីបន្តសកម្មភាពមនុស្សធម៌លើទឹកដីកម្ពុជា ។ អង្គការបានសហការបណ្តុះបណ្តាលហ្វឹកហ្វឺនដល់សិក្ខាកាមCMACកម្ពុជាបានជាច្រើនរូប និងទទួលបានលទ្ធផលល្អប្រសើរ ហើយវគ្គបណ្តុះបណ្តាល REWI គឺជាវគ្គដែលទើបបង្កើតឡើង មិនត្រឹមតែជាការហ្វឹកហ្វឺនផ្តោតទៅលើបច្ចេកទេសEODប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវការហ្វឹកហ្វឺនពហុជំនាញ ដូចជាការស្រាវជ្រាវមូលដ្ឋាន ការកាត់បន្ថយផ្ទៃដីបោសសំអាតមីន ការអប់រំហានិភ័យអំពីមីន បង្ហាត់សិក្ខាកាមទាំងអស់អោយបង្កើនសមត្ថភាព និងមានប្រសិទ្ធិភាពខ្ពស់ ។ ការហ្វឹកហ្វឺននារយៈពេល២ឆ្នាំកន្លងមកនេះ ជាកិច្ចសហប្រតិបត្តការ បង្រៀនពីលោកគ្រូ CMAC យ៉ាងយកចិត្តទុកដាក់ផ្តល់ចំណេះដឹងពិតដល់សិក្ខាកាមកម្ពុជា ដើម្បីពួកគេយកចំណេះជំនាញទាំងនោះទៅបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សំរាប់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។ ដូចនេះហើយ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសដែលបានរៀនសូត្រកន្លងមក ជាពិសេសក្នុងពេលចុះប្រតិបត្តការបោសសំអាតមីននៅគ្រប់តំបន់គ្រោះថ្នាក់។
លោក ឯក ប៉ូលីន ប្រធាននាយកដ្ឋានកណ្តាលស៊ីម៉ាក់បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ បានរួមចំណែកផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ នាំអោយពួកគាត់មានក្តីសប្បាយរីករាយ នៅពេលពួកគាត់ដឹងថា ការរស់នៅរបស់ពួកគាត់ គឺពុំមានការគំរាមគំហែងពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនទៀត។
លោក អ៊ុំ សុជាតិ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ដើម្បីធានាបានគុណភាព និងប្រសិទ្ធិភាពការងារ អង្គការ JMAS និងCMAC បានសហការគ្នាចុះអនុវត្តទីវាលជាក់ស្តែងទាមបណ្តាចំការមីន។ លទ្ធផលសំរេចបានក្នុងឆ្នាំ២០១៧កន្លងមករួមមាន សំអាតផ្ទៃដីបានជាង៧ម៉ឺនម៉ែត្រការ៉េ, ដោះគ្រាប់មីនបាន៥២៨គ្រាប់, គ្រាប់មិនទាន់ផ្ទុះជាង២ម៉ឺនគ្រាប់, ចុះអប់រំផ្សព្វផ្សាយចំណេះដឹងអំពីមីនដល់ពលរដ្ឋបានជិត១ម៉ឺននាក់, បានសហការ និងអប់រំដល់សិស្សានុសិស្ស តាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងខេត្តមួយចំនួនមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផលល្អប្រសើរ៕ ដោយ៖បញ្ញាស័ក្តិ