ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យក្រុមគ្រូពេទ្យមួយចំនួន លុបបំបាត់ឲ្យបាននូវពាក្យសំដីមិនពីរោះពិសា ចំពោះអ្នកជំងឺក៏ដូចជា ប្រជាពលរដ្ឋដែលទៅទទួលសេវាពីវិស័យសុខាភិបាល។
ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាស”ផ្សព្វផ្សាយ និងដាក់ អោយដំណើរការ មន្ទីរសុខាភិបាល ស្ថិតក្រោមរចនសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ” នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា គ្រូពេទ្យរបស់កម្ពុជាយើងពិតជាមានសមត្ថភាព មិនចាញ់គ្រូពេទ្យនៅក្រៅប្រទេសនោះទេ។ជាក់ស្ដែងក្នុងអំឡុងនៃការកើតនូវជំងឺកូវីដ-១៩ នេះ គឺក្រុមរូបភាពយើងពិតជាមានសមត្ថភាពក្នុងការព្យាបាលអ្នកជំងឺកូវី-១៩ បានជាសះស្បើយ ដែលរហូតមកដល់ពេលនេះនៅសល់តែអ្នកជំងឺកូវីដ-១៩ ម្នាក់ប៉ុណ្ណោះ ហើយក៏មិនមានអ្នកជំងឺកូវីដ-១៩ណាម្នាក់បានស្លាប់បាត់បង់ជីវិតដែរ។ ប៉ុន្តែអ្វីដែលជាភាពអវិជ្ជមានរបស់លោកគ្រូ អ្នកគ្រូពេទ្យរបស់យើងនោះគឺមានពេទ្យខ្លះ បានប្រើពាក្យសម្ដីមិនពិរោះពិសារចំពោះអ្នកជំងឺ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលទៅកំដអ្នកជំងឺ និងអ្នកទៅទទួលសេវាផ្សេងៗ ពីវិស័យសុខាភិបាលនេះ។ ដូច្នេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យលោកគ្រូ អ្នកគ្រូដែលធ្លាប់តែប្រើភាសា មិនពីរោះពិសានោះ កាត់បន្ថយឲ្យអស់ជាអតិបរមា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ជុំវិញនឹងបញ្ហានេះដែរ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំដល់ លោកស្រីអភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកលើវិស័យសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាមួយនឹងអាជ្ញាធរមូលដ្ឋានផងដែរនោះ ត្រូវតែចុះទៅដល់មូលដ្ឋានពេទ្យបង្អែក និងនៅតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីស្វែងយល់និងស្ដាប់នូវអ្វីដែលគ្រូពេទ្យរបស់យើង បម្រើសេវាទៅលើប្រជាពលរដ្ឋល្អឬមិនល្អ។ ពេលនោះហើយដែល យើងដឹងថា លោកគ្រូពេទ្យណាអ្នកគ្រូពេទ្យណា ដែលបានប្រើប្រាស់នូវពាក្យសំដី មិនពីរោះពិសាទៅលើអ្នកជំងឺ និងប្រជាពលរដ្ឋដែលទៅទទួលសេវា។ ក្រោយពីស្ដាប់បាននិងទទួលបាននូវចំណុចអវិជ្ជមាន របស់លោកគ្រូអ្នកគ្រូពេទ្យនោះហើយ យើងត្រូវកោះហៅលោកគ្រូពេទ្យទាំងនោះ មកណែនាំតម្រង់ទិស ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់កែតម្រូវនូវឥរិយាបថ ដូចជាសំដីសំដៅមិនពីរោះពិសា មិនគួរគប្បីជាមួយប្រជាពលរដ្ឋ ។ ការធ្វើបែបនេះ វានឹងធ្វើឲ្យវិស័យសុខាភិបាលរាជធានីភ្នំពេញរបស់យើង កាន់តែល្អប្រសើរនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល ស្ថិតក្រោមរចានាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលរាធានីភ្នំពេញនោះឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានី លោកសូមការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី វេជ្ជបណ្ឌិត សាស្ត្រាចា្យ និងមន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្តការងារ នាពេលកន្លងមក ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដើម្បីបុព្វហេតុ នៃការធ្វើឲ្យប្រសើរឡើង នូវសុខភាពប្រជាជន តាមរយៈការផ្តល់សេវា សុខាភិបាល ដែលមានគុណភាព សមធម៌ និងការប្រកាន់ខ្ជាប់ មនសិការវិជ្ជាជីវៈ ជាពិសេស ការលះបង់ខ្ពស់បំផុត របស់មន្ត្រីសុខាភិបាល ក្នុងដំណាក់កាល ប្រឈមជាសកល នៃការរីករាលដាល វីរុសកកូវីដ១៩ ដែលយើងបានរួមគ្នាបង្ការ ទប់ស្កាត់ និងគ្រប់គ្រង លើស្ថានភាពដ៏លំបាកនេះ នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា ស្នាដៃ និងសមិទ្ធផលទាំងនេះ បានកើតឡើងពីការ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី របស់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ហើយក៏មិនអាចកាត់ផ្តាច់ចេញ ពីការចូលរួម សហការគាំទ្រ ពីសំណាក់ក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ទីរ អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ សំដៅរួមចំណែកលើកកម្ពស់ សុខភាពសាធារណៈ និងគុណភាពសេវាសុខាភិបាល ឲ្យកាន់តែប្រសើរឡើង ៕
ដោយ៖កូឡាប