ភ្នំពេញ៖ តាមរយៈគណនីហ្វេសប៊ុក របស់ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរបង្ហោះថា ” គោលដៅចម្បងដែលយុវជនគណបក្សប្រជាជនគ្រប់ជំនាន់ ត្រូវប្រកាន់ឲ្យជាប់គឺបន្តពង្រឹងនិងពង្រីកសមិទ្ធផលថ្មីៗ” ការសរសេរបង្ហោះសារបែបនេះ បន្ទាប់ពីឯកឧត្តម ទទួលបានតំណែងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ទី១ -ថែរក្សាឲ្យបានដាច់ខាតនូវរាល់សមិទ្ធផល ដែលសម្រេចបានដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាងប្រទេស និងដែលមានចូលរួមយ៉ាងសកម្ម របស់យុវជនគណបក្សគ្រប់ជំនាន់។ ទី២- បន្តពង្រឹងនិងពង្រីកសមិទ្ធផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរឡើង ។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីក្នុងកងយោធពលខេមរភូមិន្ទ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម ក៏ជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
ដោយឡែក ឯកឧត្តម កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារទៅកាន់តួនាទីចាស់របស់ឯកឧត្តមជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕
ដោយ៖បញ្ញាស័ក្តិ