ភ្នំពេញ៖ នៅព្រឹកនេះវេលាម៉ោង ៧:៣០នាទី អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ទៅតុលាការ ដែលបើកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ។
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនដែលបើកបរម៉ូតូក្នុងល្បឿនលឿន មកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌបឹងកេងកង កំពុងតែបំពេញការងារលើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។ ជនបើកបរក្នុងល្បឿនលឿន មកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ។
នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីនគរបាលពីររូប ដែលរងគ្រោះថ្នាក់ក្នុងពេលកំពុងបំពេញបេសកកម្ម កាលពីយប់ម្សិលមិញ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីជួយសម្រួលការចំណាយរបស់ក្រុមគ្រួសារ ឯកឧត្ដមអភិបាល បាននាំយកអំណោយជាថវិកាដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ត្រីនគរបាលទាំងពីររូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ទោះជានឿយហត់ និងប្រឈមនៅបញ្ហាជាច្រើនក្តី ក៏សមត្ថកិច្ចមិនរួញរាឡើយ ក្នុងការអនុវត្តច្បាប់រឹតបន្តឹងច្បាប់ចរាចរណ៍នេះ ព្រោះការអនុវត្តច្បាប់នេះគឺបានជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ជាពិសេសគឺបានការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។ ជនបង្កដែលបើកម៉ូតូក្នុងល្បឿនលឿនបុកសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ នៅគោលដៅខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១២ ហើយជនបង្កត្រូវបានឃាត់ខ្លួន និងត្រៀមឯកសារដើម្បីបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាល២នាក់ ម្នាក់របួសបាក់ជើងខាងស្តាំ និងម្នាក់ទៀតរបួសពកក្បាលផ្នែកខាងក្រោយ ដោយសារយុវជនម្នាក់បើកម៉ូតូបុកទាំងកម្រោល ខណៈកំពុងចុះបំពេញភារកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពេលយប់ ។
ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង២២និង២០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខវត្ដមហាមន្ដ្រីផ្លូវព្រះសីហនុ ក្រុម៣ ភូមិ១ សង្កាត់អរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ វុធ ថូធវ៉ាន់ថង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវសល់ឡា ភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរដឹកអីវ៉ាន់អនឡាញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីកើតហេតុ និងដកម៉ូតូ១គ្រឿងម៉ាកស្គូពីអាយ ( Scopy i ) ស៊េរី ២០១៩ ពណ៌ស ពាក់ស្លាក់លេខ: ភ្នំពេញ 1HG-7961 ។
ជនរងគ្រោះមានឈ្មោះ វង្ស ចំណាន ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១២៩៥ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្មំពេញ មុខរបរនគរបាល ខណ្ឌបឹងកេងកង និងឈ្មោះ ខែម សូនី ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ វត្ដចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល មុខរបរនគរបាល ផ្នែកអន្ដរាគមន៍រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា នៅវេលាកើតហេតុ សមត្ថកិច្ចកំពុងប្រតិបត្ដិការណ៍រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅចំណុចមុខវត្ដមហាមន្ដ្រី ផ្លូវព្រះសីហនុ ក្រុម3 ភូមិ1 សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ពេលនោះជនបង្កបើកម៉ូតូឌុបមនុស្សស្រីម្នាក់ ដោយមនុស្សស្រីនោះគ្មានពាក់មួកសុវត្ថិភាពត្រឹមត្រូវ ពេលឃើញសមត្ថកិច្ច ក៏បានបត់ម៉ូតូត្រឡប់ក្រោយបញ្ច្រាសទិសបម្រុងបើកគេចខ្លួនក៏ជ្រុលបុកសមត្ថកិច្ចនគរបាលម្នាក់កំពុងឈរនៅគោលដៅ បណ្ដាលឲ្យដួលពកក្បាលផ្នែកខាងក្រោយ រួចជ្រុលទៅបុកសមត្ថកិច្ចម្នាក់ទៀត បណ្ដាលឲ្យបាក់ជើងខាងស្ដាំ ។ ភ្លាមនោះសមត្ថកិច្ចបានឃាត់ជនបង្កបាននៅកន្លែងកើតហេតុ រួមនិងម៉ូតូ នាំមកប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឡាំពិកដើម្បីសាកសួរ ។ ចំណែកជនរងគ្រោះ (សមត្ថកិច្ចនគរបាល) ត្រូវបានរថយន្ដសង្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត ៕
ដោយ៖កូឡាប