ភ្នំពេញ÷ រថយន្តកូរ៉ូឡាមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ 214ក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ផ្លូវបំបែកជាបួនក៏វាក់អើជាមួយនឹងរថយន្តម៉ាកព្រូសមួយគ្រឿងទៀតរេចង្កូតទៅបុកចំពីមុខពេញទំហឹងបណ្តាលឲ្យខ្ទាតឡើងសួនផ្លូវទាំងពីរគ្រឿងតែម្ដង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្តោយផ្លូវ ២១៤កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា គេឃើញរថយន្តម៉ាក កូរ៉ូឡាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2 W-2884 ធ្វើដំណើទិសដៅពីត្បូងមកខាងជើងក្នុងល្បឿនយ៉ាងលឿនស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ មានរថយន្តម៉ាកព្រូសមួយគ្រឿងទៀតដែលពាក់ផ្លាកលេខភ្នំពេញ 2 BF- 15 50 ធ្វើដំណើរទិសដៅពីលិចមកកើតបើកបរដោយបុរសម្នាក់ជនជាតិខ្មែរ ដែលខ្វះការប្រុងប្រយត្ន័ ក៏ត្រូវបានរថយន្តម៉ាកកូរ៉ូឡាបុកចំពីមុខពេញទំហឹងបណ្តាលឲ្យខ្ទាតឡើងសួនផ្លូវ ទាំងពីរគ្រឿង និងរងរបួសធ្ងន់ម្នាក់ រីឯម្ចាស់រថយន្តម៉ាកកូរ៉ូឡាម្នាក់ទៀតរត់គេចខ្លួនបាត់ទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុបានធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ ហុឹម សាម៉េត ហង់ ភក្ត្រា