ខេត្តព្រះសីហនុ៖ (ខាងក្រោមនេះ គឺជាខ្លឹមសារលិខិតទាំងស្រុង របស់ប្រជាពលរដ្ឋ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ផ្ញើចូលទៅក្នុង PAGE ឬ FACEBOOK សម្តេច)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់..!
កម្មវត្តុ: សំណើសុំអង្វរសម្តេចតេជោ មេត្តាកុំអញ្ជើញចូលរួមពិធីសម្ពោធដាក់អោយដំណើរការ អាជីវកម្ម បឹងហ្គាឡូ នៅលើកោះរ៉ុង របស់ លោកឧកញ៉ា គិត ម៉េង នៅថ្ងៃទី12/02/2018 ខាងមុខនេះ។
លិខិតប្រជាពលរដ្ឋកោះរ៉ុង បានសំពូមពរដល់សម្តេច ហ៊ុន សែន ថា យើងខ្ញុំជាប្រជាពលរដ្ឋនៅលើកោះរ៉ុង កំពុងរងការទន្ទ្រាន យកដីសង់បឹងហ្គាឡូ Royal Sand ពីសំណាក់ក្រុមហ៊ុន Royal Group របស់ លោកឧកញ៉ា គិត ម៉េង..។ ដូច្នេះពលរដ្ឋពួកខ្ញុំ សូមគោរពរាយការណ៍ជូនសម្តេចតេជោ មេត្តាជ្រាបថា ក្រោយពីមានការទន្ទ្រានយកដី របស់ប្រជាពលរដ្ឋមួយចំនួននៅឆ្នេរសុខសាន្ត ដើម្បីសង់បឹងហ្គាឡូ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺកន្លងមកក្រុមហ៊ុននេះ បានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋជាម្ចាស់ដីជាបន្តបន្ទាប់នៅតំបន់នោះ។
ប្រជាពលរដ្ឋកោះរ៉ុង អោយដឹងដូច្នេះ រួចបានបញ្ជាក់ថា កាលពីថ្ងៃទី21/12/2016 រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាអោយអាជ្ញាធរសុរិយោដី ចុះវាស់វែងក្បាលដី ដើម្បីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ រហូតដល់ដំណាក់កាលបិទផ្សាយបានចប់សព្វគ្រប់រួចហើយដែរ។ ប៉ុន្តែមកដល់ពេលនេះ បានអូសបន្លាយពេលជាង ១ឆ្នាំមកហើយ នៅឡើយ អាជ្ញាធរ នៅមិនទាន់បានចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋយើងខ្ញុំនៅឡើយទេ។ ដូចនេះមានន័យថា ការទន្ទ្រានយកដីសង់បឹងហ្គាឡូ ពីសំណាក់ក្រុមហ៊ុន Royal group របស់លោកឧកញ៉ា គិត ម៉េង នាពេលកន្លងមកអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយចំនួន នៃរដ្ឋបាកខេត្តព្រះសីហនុ ហាក់មិនសូវរវល់អើពើទៅលើកង្វល់ របស់ប្រជាពលរដ្ឋកោះរ៉ុង ដែលជាជនរងគ្រោះ ផ្តើមដោយសកម្មភាព ទន្ទ្រានយកដីធ្លីពលរដ្ឋពីសំណាក់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនោះទេ ត្បិតអីដី ដែលត្រូវទន្ទ្រានមួយចំនួនធំ មានម្ចាស់ដើមកាន់កាប់តាំងពីដូនតាមក និងម្នកកាន់កាប់ដីមួយចំនួនទៀត ត្រូវបានម្ចាស់ដើមលក់បន្ត តែម្ចាស់ដើមនៅតែទទួលខុសត្រូ ទៅលើសកម្មភាព នៃការលក់ដូរដីលើកោះរ៉ុង របស់ខ្លួនដដែល រហូតមកដល់ពេលនេះ។
ប្រជាពលរដ្ឋកោះរ៉ុង ក៏បានអោយដឹងដែរថា ជាក់ស្តែងថ្មីៗនេះ មានព័ត៌មានចេញពីសាលាខេត្តព្រះសីហនុ ពិសេសប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ លោក នួន ប៉ុក បានទាមទារប្រយោជន៍ពីការចេញប័ព្ណកម្មសិទ្ធិដីធ្លីនៅលើកោះរ៉ុងចំនួន 25%(ម្ភៃប្រាំភាគរយ) ពីម្ចាស់ដីនីមួយៗ ទើបចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋ និងបានប្រើកលល្បិចគ្រប់បែបយ៉ាង ប្រឆាំងជំទាស់ជាមួយពួកខ្ញុំ ដោយឡែក នួន ប៊ុក បានប្រើអោយកូនចៅខ្លួន ឈ្មោះ ឃួន គីមស៊ីន អោយលុបឈ្មោះម្ចាស់ដីខ្លះ ចេញពីបញ្ជីឈ្មោះ ដែលត្រូវចែកប័ណ្ណកម្មសិទ្ធិ តាមវិធីម្យ៉ាង គឺចែកប័ណ្ណកម្មសិទ្ធិ ចំពោះម្ចាស់ដី ដែលស្នាក់នៅលើកោះជាអចិន្ត្រៃយ៍តែប៉ុណ្ណោះ (តាមរយៈសៀវភៅស្នាក់នៅ ចេញដោយនគរបាលប៉ុស្តិ៍រដ្ឋបាល)។ លិខិតប្រជាពលរដ្ឋមួយចំនួន រស់នៅលើកោះរ៉ុង ក៏បានចាត់ទុក សកម្មភាពភាពអនុវត្តការងារ របស់ លោក នួន ប៉ុក ថាជាទង្វើរខុសច្បាប់ ដោយចោទថា បានគៀបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយ ចាត់ទុកថា ក្នុងនីតិវិធី នៃការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិ នៅកម្ពុជាកន្លងមក មិនមានមន្ត្រី ឬអាជ្ញាធរ អនុវត្ដនីតិវិធីដោះស្រាយតាមរបៀប លោក នួន ប៉ុក កំពុងអនុវត្តក្នុងការងារ ដូចរាល់ថ្ងៃនេះទេ។
ជាងនេះទៀត ប្រជាពលរដ្ឋ ក៏បានចោទ លោក ឃួន គឹមស៊ីន អោយមកប្រាប់ប្រជាពលរដ្ឋម្ចាស់ដី ឈ្មោះ កាន់ បាន ថា លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាមិនអោយចេញប័ណ្ណកម្មសិទ្ធិដីអោយយើងខ្ញុំថែមទៀត។
ផ្តើមពីបញ្ហានេះ យើងខ្ញុំជាប្រជាពលរដ្ឋ ដែលមានចំណែកក្បាលដីនៅលើកោះរ៉ុង សូមគោរពជូនប្រសាសន៍សម្តេច មេត្តាជ្រាបថា កន្លងមកក្នុងការវាស់វែងដីធ្លី ដើម្បីចេញបណ្ណ័កម្មសិទ្ធិ គឺយោងតាមការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ប៉ុណ្ណោះ។ ក្នុងនោះ ក៏បានគោលនយោបាយឆ្វៀលដីជូនប្រជាពលរដ្ឋ តាមរូបមន្តស្បែកខ្លា ដែលជាគោលនយោបាយមួយដ៏ល្អ របស់សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានការពារផលប្រយោជន៍ ជូនពលរដ្ឋនៅតាមសហគមន៍ នានា នៅពេលរដ្ឋាភិបាល បានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនណាមួយ។
លិខិតប្រជាពលរដ្ឋកោះរ៉ុង បានឲ្យដឹងដូច្នេះ រួចបានបន្តសរសេរសារចោទ លោកឧកញ៉ា គិត ម៉េង និងដៃជើង ថាបានព្យាយាមយករូបភាពដែលសម្តេចតេជោថតជាមួយ លោក គិត ម៉េង ទៅគំរាមកំហែង មន្ត្រីថ្នាក់ក្រោម ដើម្បីទាមទារផលប្រយោជន៍ផ្សេងៗ។ ឧទាហរណ៍ដូចជារូបភាព សម្តេចជិះយន្តហោះធុនតូចជាមួយ លោក គិត ម៉េង និងរូបភាពស្និទ្ធស្នាល ដែលសម្តេចថតជាមួយ លោកឧកញ៉ា គិត ម៉េង នាពេលកន្លងមក។
អាស្រ័យហេតុនេះ ដើម្បីជៀសវាងប៉ះពាល់ប្រជាប្រិយភាព និងកិត្ដិយស សម្តេច គួរតែកុំអញ្ជើញមកចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធបឹងហ្គាឡូ Royal Sand ដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group របស់ លោក គិត ម៉េង ដែលត្រៀមធ្វើពិធីសម្ភោធនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នោះអី។
ជាងនេះទៀត ក៏បានសំណូមពរ សម្តេច មេត្តាជួយអន្តរាគមន៍ទៅមន្ត្រីស្ថាប័នពាក់ព័ន្ធ អោយជួយពន្លឿន ចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដែលមានចំណែកក្បាលដីនៅលើកោះរ៉ុង អោយបានគ្រប់ៗគ្នា បានប្រើប្រាស់ស្របច្បាប់ អោយបានឆាប់ ដោយក្តីអនុគ្រោះ។
នៅក្នុងលិខិត របស់ប្រជាពលរដ្ឋកោះរ៉ុង ផ្ញើជូនសម្តេច ហ៊ុន សែន តាម PAGE ឬ FACEBOOK សម្តេច ក៏បានចាត់ទុក សកម្មភាព របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងមន្ត្រីស្ថាប័នរដ្ឋមួយចំនួន ថាបានរួមដៃឃុបឃិតគ្នាសរសេររបាយការណ៍ភូតកុហក និងក្បត់សម្តេច ដោយ បានសរសេររបាយការណ៍ការពារតែគ្នាគេ ឬបុគ្គលជាបក្សពួកគ្នាគេ ដោយបានមកធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយ ដែលជាអ្នកគាំទ្រ សម្តេច ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅវិញ។
លិខិតពលរដ្ឋកោះរ៉ុងដដែល បានជំរាបជូនសម្តេចថា បើសិនសម្តេចជួយអប្តរាគមន៍ ឈានដល់ពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋពួកគាត់ បានឆាប់មែននោះៗ ប្រជាពលរដ្ឋយើងខ្ញុំ នឹងមានលទ្ធភាពប្រកបរបរអាជីវកម្មផ្សេងៗដោយស្របច្បាប់ ហើយមិនបង្កើតអោយមានកង្វល់ដល់សម្តេច និងរាជរដ្ឋាភិបាលនោះទេ។
បន្ថែមលើសនេះ យើងខ្ញុំទាំងអស់គ្នានៅទូទាំងកោះរ៉ុង ខេត្តព្រះសីហនុ សន្យាថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជាអ្នកដឹកនាំ អោយទទួលបានជោគជ័យ ១០០% នៅគ្រប់អាណត្តិ នៃការបោះឆ្នោតនីមួយៗនៅកម្ពុជា។
សូមសម្តេច មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ៕ ពលរដ្ឋកោះរ៉ុង
(លិខិត របស់ប្រជាពលរដ្ឋកោះរ៉ុងខាងលើនេះ ក៏មានផ្ញើមកកាន់ គេហទំព័រ CEN.COM.KH ស្នើរសំណូមពរអោយជួយផ្សព្ធផ្សាយដែរ)។
យ៉ាងនេះក្តី អ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH មិនទាន់អាចទាក់ទង លោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីបំភ្លឺទៅលើលិខិត របស់ ប្រជាពលរដ្ឋមួយចំនួនរស់នៅលើកោះរ៉ុង ដែលបានសរសេរលិខិតចោទក្រុមហ៊ុននេះបានទេ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
ក្នុងនោះ CEN.COM.KH ក៏មិនទាន់អាច ស្នើរសុំការបំភ្លឺពី លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដើម្បីបកស្រាយការចោទប្រកាន់ របស់ប្រឃាពលរដ្ឋនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង បាននៅឡើយដែរ៕ ដែនសីមា