តាកែវ៖ ក្រោយមានការអភិវឌ្ឍជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន នៅក្នុងខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងធ្វើឲ្យក្រុងដូនកែវ ដែលជាបេះដូងនៃខេត្ត កាន់តែមានសោភ័ណភាពស្រស់ស្អាត ពោរពេញទៅដោយគម្របព្រៃឈើព័ណបៃតង មិនថាផ្លូវថ្នល់ ឬសួនច្បារឡើយ គឺត្រូវបានដាំដើមឈើប្រណិត អមសងខាងផ្លូវចូលក្រុងដូនកែវ ចាប់ពីទីតាំងពីចំណុចរង្វង់មូលអូរចំបក់ រហូតមកដល់សួនច្បារ សម្តេចវិបុលបញ្ញា សុខ អាន វិមានឯករាជ ដែលមានរយៈចម្ងាយ ៣គីឡូម៉ែត្រ ។
ការរៀបចំដើមឈើប្រណិតនៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០នេះដែរ គឺមានការរួមសហការ រវាងខ័ណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយអាជ្ញាធរក្រុង បានធ្វើការចុះពិនិត្យនិងវាស់វែងលើទីតាំង ឲ្យសមស្របទៅតាមស្តង់ដារមួយ ដើម្បីរៀបចំឲ្យបានស្អាត និងល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ឬនៅក្រៅខេត្តអាចមកលេងកម្សាន្ត ឬហាត់ប្រាណដើម្បីសុខភាពជាប្រចាំផងដែរ ។
លោក ស៊ឹម ឡាប៉័ង ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ បានឲ្យដឹងថា ការរៀបចំថ្ងៃនេះ គឺយើងពិនិត្យមើលគោលដៅសំខាន់ៗ ដោយមានការវាស់វែងបច្ចេកទេស និងសម្របសម្រួលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអភិបាលក្រុងដូនកែវ ក្នុងការត្រៀមរៀបចំដាំដើមឈើប្រណិតជាង៥០០ដើម រួមមាន ដើមក្រញូង ដើមបេង ដើមក្ងោក ដើមរំដួល និងដើមធ្នង់ ដើម្បីលម្អសោភ័ណភាពអភិរក្សគម្របព្រៃឈើនៅក្នុងខេត្តតាកែវ របស់យើងឲ្យល្អស្អាត និងសម្រាប់ត្រៀមប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា នាពេលខាងមុខនេះដែរ ។
លោកបន្តថា ក្នុងកម្មវិធីរុក្ខទិវានោះ ក៏មានការចែកនៅប្រភេទកូនឈើប្រណិត ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមដីលំនៅដ្ឋាន ឬដីចម្ការរបស់ខ្លូនផងដែរ សម្រាប់ជាកេរតំណែលមួយដល់ក្មេងជំនាន់ក្រោយៗ បានស្គាល់អំពីប្រភេទឈើដែលមានតម្លៃ នៅប្រទេសកម្ពុជារបស់យើង និងក៏ជាប្រយោជន៍ដ៏សំខាន់លើទប់ទល់ និងគ្រោះធម្មជាតិផ្សេងៗជាយថាហេតុផងដែរ ៕
ដោយ៖ តាកែវ